×

កូរ៉េខាងជើង​រាយការណ៍​ថា ពលរដ្ឋ ១,៦២លាននាក់​មានជំងឺ “គ្រុនក្ដៅ”

កូរ៉េខាងជើង៖ របាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញកាលពីថ្ងៃពុធថា WHO កំពុងពិនិត្យមើលទិន្នន័យដែលសង្ស័យថាជាករណីជំងឺរាតត្បាតកូវីដ១៩ ដែលបានចេញផ្សាយដោយប្រទេសកូរ៉េខាងជើង បន្ទាប់ពីប្រទេសនេះ បានចែករំលែកព័ត៌មានពាក់ព័ន្ធអំពីការផ្ទុះឡើងនៃមេរោគរបស់ខ្លួន។

កូរ៉េខាងជើង បានរាយការណ៍ទៅកាន់ WHO ថា ប្រជាជនជាង ១,៦២លាននាក់មាន “គ្រុនក្តៅ” និងការស្លាប់ដែលជាប់ទាក់ទងមានចំនួន ២៣នាក់នៅចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែឧសភា។

ទោះជាយ៉ាងណាក៏ដោយ របាយការណ៍នេះ បានកត់សម្គាល់ថា កូរ៉េខាងជើងមិនបានផ្តល់និយមន័យករណីសម្រាប់តួលេខនេះទេ ហើយថា WHO នេះ “កំពុងស្ថិតក្នុងដំណើរការផ្ទៀងផ្ទាត់ទិន្នន័យកូវីដ១៩” ពីទីក្រុងព្យុងយ៉ាង។ របាយការណ៍បានបន្ថែមថា មិនមានព័ត៌មានស្តីពីការចាក់វ៉ាក់សាំងកូវីដ១៩នៅក្នុងប្រទេសកូរ៉េខាងជើងនោះទេ។

តំណាង WHO ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានធ្វើកំណត់ទូតមួយទៅកាន់ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងនៅទីក្រុងញូវដេលី កាលពីថ្ងៃទី១៦ ខែឧសភា ដើម្បីស្នើសុំការគាំទ្រសម្រាប់ប្រទេសនេះក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។

នៅថ្ងៃទី១២ ខែឧសភា កូរ៉េខាងជើងបានបញ្ជាក់ពីករណីដំបូងនៃវីរុសអូមីក្រុងកូវីដ១៩ បន្ទាប់ពីប្រទេសនេះ បានអះអាងថាគ្មានមេរោគក្នុងប្រទេសនេះអស់រយៈពេលជាងពីរឆ្នាំ។

ករណី “គ្រុនក្តៅ” ថ្មីជាង ១១៥.០០០ ករណីត្រូវបានកត់ត្រាកាលពីថ្ងៃអង្គារ ដែលធ្វើឱ្យចំនួនករណីសរុបចាប់តាំងពីចុងខែមេសា មានជាង ៣លានករណី នៅកូរ៉េខាងជើង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង