ថៃ៖ ជំងឺអុតស្វា (Monkeypox) ឥឡូវនេះ ត្រូវបានចាត់ថ្នាក់ជាជំងឺឆ្លងដែលទាមទារការតាមដានយ៉ាងដិតដល់បំផុត នៅក្នុងប្រទេសថៃ។
ក្រសួងសុខាភិបាលថៃ បាននិយាយកាលពីថ្ងៃពុធ ទី២៥ ខែឧសភាថា វិធានការរឹតបន្តឹងបន្ថែមកំពុងត្រូវបានអនុវត្ត ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគដែលអាចកើតមាន ទោះបីជាមិនមានករណីណាមួយ ត្រូវបានរកឃើញនៅក្នុងប្រទេស រហូតមកដល់ពេលនេះក៏ដោយ។
វេជ្ជបណ្ឌិត Chakrarat Pittayawonganon ប្រធានការិយាល័យរោគរាតត្បាតនៃនាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) បានថ្លែងថា គណៈកម្មាធិការសិក្សារបស់ក្រសួង កាលពីថ្ងៃអង្គារ បានឈានដល់ការសម្រេចចិត្តបន្ថែមការឃ្លាំមើលអ្នកដំណើរដែលចូលមកកាន់ប្រទេសថៃ។
ជំងឺអុតស្វា មិនទាន់ត្រូវបានចាត់ថ្នាក់ថាជាជំងឺឆ្លងដ៏គ្រោះថ្នាក់ ស្រដៀងទៅនឹងកូវីដ១៩នៅឡើយទេ ពីព្រោះមិនទាន់រកឃើញ ចាប់តាំងពីប្រទេសថៃ បានចាប់ផ្តើមពិនិត្យអ្នកដំណើរអន្តរជាតិ កាលពីថ្ងៃអង្គារ។
លោកបានបន្តទៀតថា ជំងឺនេះ គឺមានការឆ្លងតិចជាងមេរោគកូរ៉ូណាថ្មីឆ្ងាយណាស់។ លោកវេជ្ជបណ្ឌិត Chakrarat បាននិយាយថា ប្រទេសថៃមិនទាន់បានរកឃើញករណីជំងឺ អុតស្វានៅឡើយទេ។ លោកបានបន្ថែមថា ទោះបីជាភាគច្រើននៃអ្នកឆ្លងជំងឺអុតស្វា បានជាសះស្បើយយ៉ាងឆាប់រហ័សដោយមិនបាច់ព្យាបាលក៏ដោយ អ្នកខ្លះអាចមានរោគសញ្ញាធ្ងន់ធ្ងរ ជាពិសេសកុមារដែលមិនមានភាពស៊ាំនឹងជំងឺ។ លោកបានបន្ថែមថា ផលវិបាកអាចមានការឆ្លងមេរោគធ្ងន់ធ្ងរនៅក្នុងសួត ខួរក្បាល ចរន្តឈាម និងភ្នែក។
កំណត់ត្រារបស់អង្គការសុខភាពពិភពលោកបង្ហាញថា មានករណីឆ្លងជំងឺអុតស្វាចំនួន ១៣១ករណី និងករណីសង្ស័យចំនួន ១០៦ នៅក្នុងប្រទេសចំនួន ១៩៕