អាមេរិក៖ សមាជិកគ្រួសារ បានប្រាប់កាសែត New York Times ថា ប្តីរបស់គ្រូបង្រៀនថ្នាក់ទី៤ ម្នាក់ដែលត្រូវបានសម្លាប់អំឡុងពេលការពារសិស្សរបស់គាត់ពីការសម្លាប់រង្គាលនៅសាលាបឋមសិក្សារដ្ឋតិចសាស់ បានស្លាប់ដោយសារគាំងបេះដូងបណ្ដាលមកពីការកើតទុក្ខក្រៀមក្រំបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន។
លោក Joe Garcia កំពុងរៀបចំពិធីបុណ្យសពរបស់ប្រពន្ធគាត់ឈ្មោះ Irma Garcia ដែលស្រឡាញ់គ្នាតាំងពីវិទ្យាល័យ បានដួលហើយបានស្លាប់កាលពីថ្ងៃព្រហស្បតិ៍។
Debra Austin ជាបងប្អូនជីដូនមួយរបស់អ្នកគ្រូ Irma Garcia បាននិយាយថា ប្តីរបស់ Irma គឺ Joe បានទទួលមរណភាពដោយសារខូចចិត្ត និងបាត់បង់មនុស្សជាទីស្រឡាញ់ក្នុងជីវិតរបស់គាត់។
លោក John Martinez ដែលជាក្មួយប្រុសរបស់ Garcia ក៏បានសរសេរនៅលើ Twitter ថា “មានការសោកស្ដាយ ជាមួយនឹងទុក្ខសោកយ៉ាងខ្លាំង ដោយសារប្តីរបស់ Tia (មីង) Irma របស់ខ្ញុំ Joe Garcia បានទទួលមរណភាពដោយសារទុក្ខសោក”។
យោងតាមគេហទំព័ររបស់សាលាបឋមសិក្សា Robb បានឱ្យដឹងថា គូស្នេហ៍ដែលបានរៀបការអស់រយៈពេល២៤ឆ្នាំ បានបន្សល់ទុកកូនចំនួន ៤នាក់។
សូមរំឭកថា អ្នកគ្រូ Irma Garcia និងគ្រូបង្រៀនម្នាក់ទៀតឈ្មោះ Eva Mireles បានស្លាប់នៅក្នុងការបាញ់ប្រហារដ៏សាហាវមួយ ក្នុងសាលារៀន។ ខ្មាន់កាំភ្លើងមានឈ្មោះ Salvador Ramos អាយុ ១៨ ឆ្នាំ បានស្លាប់ នៅពេលប៉ូលីសចូលទៅបាញ់ស្លាប់៕