អាមេរិក៖ ជាប់ឈ្មោះជាបុរសសង្ហា និងស៊ិចស៊ីម្នាក់ ប៉ុន្តែតារាហូលីវូដ Brad Pitt បែរជាអភ័ព្វស្នេហ៍ដែលក្នុងវ័យ ៥៨ឆ្នាំ តារាប្រុសល្បីឈ្មោះរូបនេះធ្លាប់ឆ្លងកាត់ជីវិតបែកបាក់គ្រួសារចំនួន២លើករួចមកហើយដែលអតីតភរិយារបស់លោកសុទ្ធសឹងតែជាតារាស្រីល្បីឈ្មោះលំដាប់កំពូល។
Brad មានភរិយាទី១ គឺជាតារាស្រី Jennifer Aniston ដែលអ្នកទាំង២បានរៀបការនឹងគ្នាក្នុងឆ្នាំ ២០០០ ប៉ុន្តែក្រោយមក Jennifer បានដាក់ពាក្យលែងលះជាមួយ Brad ក្នុងឆ្នាំ ២០០៥ បន្ទាប់ពីឃើញរូបថតលោក និង Angelina Jolie បណ្តើរគ្នា ៣នាក់ Maddox ទៅកម្សាន្តនៅសមុទ្រ Kenyan។
បន្ទាប់ពីលែងលះបានរយៈពេល ៣ខែ Brad Pitt និង Jolie បានទៅកម្សាន្តនៅប្រទេសអាហ្វ្រិកជាមួយគ្នា និងជាពេលវេលាដែលអ្នកទាំង ២បើកចំហរទំនាក់ទំនងនឹងគ្នាជាផ្លូវការផងដែរ។ ស្នេហារយៈពេល ១០ឆ្នាំ ទីបំផុត Brad និង Jolie សម្រេចចិត្តរៀបការនឹងគ្នាជាផ្លូវការ ប៉ុន្តែបានរយៈពេលត្រឹម ២ឆ្នាំប៉ុណ្ណោះ ជីវិតគ្រួសាររបស់តារាហូលីវូដល្បីឈ្មោះទាំង ២ក៏ឈានដល់ការចែកផ្លូវគ្នាសាជាថ្មី។
Brad បានឱ្យដឹងថា បន្ទាប់ពីលែងលះជាមួយ Jolie ហើយលោកបានបាត់បង់គ្រប់យ៉ាងជាពិសេសកូនៗ ហើយអ្វីដែលលោកនឹកស្មានមិនដល់នោះគឺ លោកបានផ្តាច់គ្រឿងស្រវឹងភ្លាមដែលលោកមិនធ្លាប់គិតពីមុនមកនោះទេថា លោកអាចធ្វើបាន។
Brad បានបន្ថែមទៀតថា អំលុងពេលផ្ទុះរឿងលែងលះគ្នា អ្វីដែលលោកខ្លាចបំផុតគឺសារព័ត៌មានចុះផ្សាយរឿងមិនពិត នេះមិនមែនលោកខ្លាចប៉ះពាល់កិត្តិយសរបស់ខ្លួនឡើយ ប៉ុន្តែអ្វីដែលលោកបារម្ភនោះគឺខ្លាចជះឥទ្ធិពលដល់អារម្មណ៍កូនៗរបស់លោកប្រសិនពួកគេបានឃើញព័ត៌មានមិនពិតទាំងនោះ ហើយវាក៏អាចក្លាយជាចំណីចក្ខុរបស់មនុស្សជុំវិញខ្លួនដែលអាចវាយតម្លៃទៅផ្លូវមិនល្អដល់ពួកគេផងដែរ៕