×

ក្រុមហ៊ុន​ផលិត​ឧបករណ៍​តេស្តរហ័ស​កូវីដ១៩ កំពុង​ស្រាវជ្រាវ​ផលិត​តេស្ត​សម្រាប់​ជំងឺអុតស្វា

អាមេរិក៖ មន្ទីរពិសោធន៍ នៃក្រុមហ៊ុន Abbott បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា ខ្លួនកំពុងអភិវឌ្ឍយ៉ាងសកម្មនូវឧបករណ៍ធ្វើតេស្តរកជំងឺអុតស្វា ដោយសារជំងឺនេះ បានរីករាលដាលនៅក្នុងប្រទេសផ្សេងៗ។

អ្នកនាំពាក្យ Abbott បានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមហ៊ុន នឹងផ្តល់ឧបករណ៍ធ្វើតេស្តដល់ដៃគូរបស់ខ្លួន ដែលជាបណ្តាញនៃភាពជាដៃគូផ្នែកវិទ្យាសាស្ត្រ និងសុខភាពសាធារណៈដែលមានគោលបំណងកំណត់អត្តសញ្ញាណការគំរាមកំហែងនៃជំងឺរាតត្បាតនាពេលអនាគត។ អ្នកនាំពាក្យនោះបាននិយាយថា “ខណៈនេះ យើងនឹងចាត់វិធានការជាជំហានៗ ដើម្បីដោះស្រាយតម្រូវការធ្វើតេស្តបន្ថែម”។

សេចក្តីប្រកាសរបស់ក្រុមហ៊ុន Abbott ធ្វើឡើង បន្ទាប់ពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងអាមេរិក (CDC) បានបញ្ជាក់ថា ខ្លួនបានរកឃើញករណីកើតជំងឺអុតស្វាចំនួន៩ករណី នៅក្នុងរដ្ឋចំនួន៧ របស់សហរដ្ឋអាមេរិក។

នៅទូទាំងពិភពលោក វាមានជាង ២០០ករណី ដែលត្រូវបានបញ្ជាក់ ឬសង្ស័យថាមានការឆ្លងជំងឺអុតស្វា ដែលត្រូវបានកត់ត្រានៅក្នុងប្រហែល ២០ ប្រទេស។ ភាគច្រើននៃករណីទាំងនេះ ត្រូវបានរកឃើញនៅអឺរ៉ុប។

Abbott គឺជាក្រុមហ៊ុនទី២ ដែលប្រកាសពីការអភិវឌ្ឍន៍របស់ខ្លួនលើការស្រាវជ្រាវផលិតឧបករណ៍តេស្តជំងឺអុតស្វា បន្ទាប់ពីសេចក្តីប្រកាសរបស់ក្រុមហ៊ុនឈ្មោះ Roche (ROG.S) កាលពីថ្ងៃពុធ។ Abbott ក៏បានផលិតឧបករណ៍តេស្តរហ័សសម្រាប់ជំងឺកូវីដ១៩ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង