អត្ថបទ៖ ចេង ឆហួត
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាក់ពន្ធបាន និងកំពុងពិចារណា គ្រោងដាក់ចេញការបន្ធូរបន្ថយពន្ធ និងការលើកទឹកចិត្តបន្ថែមមួយចំនួនដល់អ្នកប្រើប្រាស់រថយន្តអគ្គសនី ដើម្បីលើកទឹកចិត្តក្នុងការប្រើប្រាស់រថយន្តអគ្គិសនីបន្ថែមទៀត។
ការលើកឡើងឲ្យដឹងបែបនេះរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងកម្មវិធី MPWT LIVE SHOW លើប្រធានបទ “ការប្រើប្រាស់យានយន្តអគ្គិសនី(EV) នៅកម្ពុជា” នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ។
លោកទេសរដ្ឋមន្ត្រីបានបន្តថា គិតត្រឹមខែឧសភា ដើមឆ្នាំ២០២២នេះ ចំនួនអ្នកប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជា មានការកើនឡើងរហូតដល់ ៨០០ភាគរយ ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ដោយមានការកើនឡើងពីចំនួន ៩ទៅដល់ ៨៤គ្រឿង។
លោកបានបញ្ជាក់ថា ដើម្បីលើកទឹកចិត្ត ក្នុងការប្រើប្រាស់រថយន្តអគ្គិសនី រាជរដ្ឋាភិបាលកម្ពុជា បានកាត់បន្ថយពន្ធឱ្យស្ថិតនៅត្រឹម ៦៣ភាគរយ ក្នុងការនាំចូលរថយន្តអគ្គិសនី ប្រៀបធៀបនឹងពន្ធលើរថយន្តប្រើថាមពលសាំងធម្មតា ដែលស្ថិតក្នុងអត្រាប្រមាណ ១២០ភាគរយ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា ក្រសួងកំពុងពិចារណាការបន្ធូរបន្ថយតម្លៃ នៃការចុះបញ្ជីរថយម្តអគ្គិសនីឱ្យថោកជាងរថយន្តប្រើថាមពលសាំងធម្មតា។ បន្ថែមលើសនេះ ក្រសួងបាន និងពិភាក្សាជាមួយអគ្គនាយកពន្ធដារ ក្នុងការបន្ធូរបន្ថយពន្ធផ្លូវបន្ថែមទៀតផង។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បាន និងកំពុងជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីរួមចំណែកជួយបរិស្ថានតាមរយៈកាត់បន្ថយការបំពុលទៅក្នុងបរិយាកាស ពីរថយន្តប្រើប្រាស់ប្រេងឥន្ធនៈ ឬហ្គាស។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ការប្រើប្រាស់រថយន្តអគ្គិសនីចំណេញទាំងបរិស្ថាន និងសេដ្ឋកិច្ចគ្រួសារ ដោយជួយសន្សំសំចៃលើការចំណាយរហូតដល់ទៅ ៣ដង បើធៀបការប្រើរថយន្តដើរដោយប្រេងឥន្ធនៈ។
លោកទេសរដ្ឋមន្ត្រី ធ្លាប់បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាប្តេជ្ញាចិត្តក្នុងការកាត់បន្ថយការបំពុលក្នុងបរិយាកាសឱ្យបាន ២៧ភាគរយនៅឆ្នាំ២០៣០ ហើយឱ្យក្លាយទៅជាការបញ្ចេញកាបូនសូន្យនៅឆ្នាំ២០៥០។ ដូចនេះការប្រើប្រាស់យានយន្តអគ្គិសនីជាចំណែកមួយក្នុងការចូលរួមកាត់បន្ថយការបំពុលបរិស្ថាន។
សូមបញ្ជាក់ថា សព្វថ្ងៃនេះ មានក្រុមហ៊ុននាំចូលរថយន្តអគ្គីសនីចំនួន ៩ក្រុមហ៊ុន និងក្រុមហ៊ុននាំចូលម៉ូតូអគ្គិសនីមួយផ្សេងទៀត។
នាពេលថ្មីៗនេះ មានក្រុមហ៊ុន អ អៀន (Onion) ដែលមានរោងចក្រផ្គុំដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនីដំបូងនៅកម្ពុជា ដោយបានផលិតបានជាង ២០០គ្រឿង ហើយគ្រោងផលិតឱ្យបាន ២ពាន់ទៅ ៣ពាន់គ្រឿង ក្នុងមួយឆ្នាំផងដែរ និងគ្រោងធ្វើការនាំចេញទៅកាន់ក្រៅប្រទេសផងដែរ៕