នេប៉ាល់៖ ដោយយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ឈ្មោះ តារាអ៊ែរ(Tara Air) បានឱ្យដឹងនៅរសៀលថ្ងៃអាទិត្យ ទី២៩ ខែឧសភា នេះថា មានយន្តហោះដឹកអ្នកដំណើរប្រភេទតូចមួយបានវង្វេងបាត់ចេញពីប្រព័ន្ធរ៉ាដានៅក្នុងប្រទេសនេប៉ាល់នៅរសៀលថ្ងៃនេះ ដែលមានមនុស្សជិះនៅលើនោះមានចំនួន២២នាក់។
យន្តហោះមានស្លាបពីរប្រភេទថ្វីន អូធ័រ(Twin Otter)បានហោះចេញពីទីប្រជុំជនប៉ូការ៉ា(Pokhara)ភាគខាងលិចប្រទេសនេប៉ាល់ បន្ទាប់មកក៏វង្វេងបាត់ចេញពីប្រព័ន្ធត្រួតពិនិត្យដែនអាកាសតែម្តងក្រោយពេលហោះហើរបានបន្តិច។
លោក សុទស្សាន ពាលទុល្ល (Sudarshan Bartaula)ជាអ្នកនំាពាក្យឱ្យអាកាសចរណ៍តារាអ៊ែរបានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានបារំាងថា យន្តហោះដែលហោះហើរក្នុងស្រុកប្រភេទធម្មតានេះ បានដាច់ការទាក់ទងនៅចន្លោះទីប្រជុំជនប៉ុការ៉ា និងចមស៊ុម។
ដោយឡែកអ្នកនំាពាក្យក្រសួងមហាផ្ទៃប្រទេសនេប៉ាល់វិញបានឱ្យដឹងនៅរសៀលថ្ងៃនេះដែរថា អាជ្ញាធរបានដាក់ពង្រាយនូវឧទ្ធម្ភាគចក្រចំនួនពីរគ្រឿងនៅក្នុងតំបន់ដែលសង្ស័យថា វង្វេងបាត់ចេញពីប្រព័ន្ធរ៉ាដា រួមទំាងមន្រ្តីជាច្រើននាក់ផ្សេងទៀតក្នុងការរុករកតួយន្តហោះ និងជនរងគ្រោះ។
ហេតុការណ៍នេះត្រូវគេ ដាក់ការសង្ស័យជាជំហានដំបូងថា អាចបណ្តាលមកពីអាកាសធាតុអាក្រក់ខ្លំាងទើបធ្វើឱ្យមានការកាត់ផ្តាច់ចេញពីប្រព័ន្ធរ៉ាដាបែបនេះ។
ចំណែកឯសាច់ញាតិសន្តាននៃជនរងគ្រោះវិញ នៅតែបន្តរង់ចំាដំណឹងយ៉ាងអន្ទះសារអំពីជោគវាសនាញាតិជាទីស្រឡាញ់របស់ពួកគេនៅឡើយនៅរសៀលថ្ងៃអាទិត្យនេះ ដោយមិនទាន់បានដំណឹងថា ជោគវាសនារបស់អ្នកទំាងអស់នោះនឹងមានសភាពបែបណាឡើយ៕
ប្រែសម្រួល៖ ប្រាក់ សម្ជស្ស
ប្រភព៖ Agencies/AFP