ភ្នំពេញ៖ ប្រទេសជប៉ុន បានបញ្ជូនក្រុមបច្ចេកទេសដែលមានមន្ត្រីកងកម្លាំងស្វ័យការពារជើងគោកជប៉ុនចំនួន៦រូបមកកាន់ប្រទេសកម្ពុជា ដើម្បីផ្តល់កម្មវិធីបណ្តុះបណ្តាលវិស្វកម្មប្រតិបត្តិការរក្សាសន្តិសុខ (PKO)។ នេះបើយោងតាមស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឱ្យដឹងនៅថ្ងៃទី៣០ ខែឧសភានេះ។
កម្មវិធីនេះ ផ្តោតលើការបណ្តុះបណ្តាលការស្ទាបស្ទង់បច្ចេកទេសផ្លូវថ្នល់ដល់បុគ្គលិកកម្ពុជា ដើម្បីគាំទ្រដល់សកម្មភាព PKO របស់កម្ពុជា។ កងកម្លាំងស្វ័យការពារជើងគោកជប៉ុន សហការជាមួយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) នឹងបើកវគ្គបណ្តុះបណ្តាលដល់សិក្ខាកាម NPMEC ចាប់ពីថ្ងៃទី៣០ ខែឧសភា រហូតដល់ថ្ងៃទី២៦ ខែមិថុនា។
សម្រាប់នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ លោកឯកអគ្គរដ្ឋទូតជប៉ុន បានជួប និងលើកទឹកចិត្តក្រុមបច្ចេកទេស ហើយជឿជាក់យ៉ាងមុតមាំថា កម្មវិធីនេះ នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុនបន្ថែមទៀតលើវិស័យ PKO ៕