
នេប៉ាល់៖ មន្ត្រីអាកាសយានដ្ឋានបាននិយាយនៅថ្ងៃចន្ទ ទី៣០ ខែឧសភានេះថា ក្រុមអ្នកជួយសង្រ្គោះ នៅក្នុងប្រទេសនេប៉ាល់ បានរកឃើញសពចំនួន ១៤នាក់ ពីកន្លែងធ្លាក់យន្តហោះខ្នាតតូចមួយគ្រឿង ដែលផ្ទុកមនុស្សចំនួន ២២នាក់ ។

បំណែកយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ Tara Air ត្រូវបានរកឃើញនៅក្នុងស្រុក Mustang ភាគខាងជើងប្រទេសនេប៉ាល់។ យន្តហោះដឹកអ្នកដំណើរ បានហោះហើររយៈពេល ២០នាទី នៅពេលដែលវាបានបាត់បង់ទំនាក់ទំនងជាមួយបញ្ជាការដ្ឋានគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ៥ នាទីមុនពេលវាធ្លាក់។
អ្នកនាំពាក្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសនេះ បានឱ្យដឹងថា ការស្វែងរកនៅតែបន្ត។ អាកាសធាតុ មិនអំណោយផលសម្រាប់ការរុករកនោះទេ។
យោងតាមរបាយការណ៍បានឱ្យដឹងថា ជនជាតិឥណ្ឌាចំនួន ៤នាក់ អាល្លឺម៉ង់ ២នាក់ និង នេប៉ាល់ ១៦នាក់នៅលើយន្តហោះ។ ប៉ុន្តែប្រតិបត្តិការស្វែងរក ត្រូវបានរារាំងដោយអាកាសធាតុអាក្រក់ និងតំបន់ភ្នំ ហើយបានបន្តនៅព្រឹកថ្ងៃចន្ទនេះ។
សូមជម្រាបថា យន្តហោះដែលផលិតដោយក្រុមហ៊ុនកាណាដា de Havilland បានចាកចេញពីទីក្រុងទេសចរណ៍ Pokhara នៅម៉ោងប្រហែល ១០ព្រឹក ម៉ោងក្នុងស្រុកកាលពីថ្ងៃអាទិត្យ។
ប្រទេសនេប៉ាល់ មានកំណត់ត្រាគ្រោះថ្នាក់ផ្នែកអាកាសចរណ៍ជាញឹកញាប់ ដោយសារតែការប្រែប្រួលអាកាសធាតុភ្លាមៗ និងមានទីតាំងលំបាកដល់ការចុះចត។
នៅដើមឆ្នាំ២០១៨ ជើងហោះហើរ US-Bangla ដែលដឹកមនុស្សចំនួន ៧១នាក់ពីទីក្រុងដាកា ក្នុងប្រទេសបង់ក្លាដែសបានឆាបឆេះ នៅពេលដែលវាបានចុះចតនៅទីក្រុង Kathmandu ប្រទេសនេប៉ាល់ ដោយបានសម្លាប់មនុស្ស ៥១នាក់។
មនុស្ស ៣នាក់បានស្លាប់នៅក្នុងការធ្លាក់យន្តហោះ កាលពីខែមេសា ឆ្នាំ២០១៩ នៅពេលដែលយន្តហោះបានធ្លាក់ចេញពីផ្លូវ ហើយបានបុកឧទ្ធម្ភាគចក្រដែលនៅស្ងៀម នៅអាកាសយានដ្ឋាន Lukla ៕
