
អាមេរិក៖ ចាប់ពីក្មេងឃ្វាលគោ រហូតដល់មានថ្ងៃនេះ និស្សិតបញ្ចប់ការសិក្សានៅបណ្ឌិតសភាយោធាអាមេរិកម្នាក់ មិនអាចបំភ្លេចបាននូវរឿងរ៉ាវដ៏គួរឱ្យចងចាំពីអតីតកាល សម្រាប់ពេលវេលាតស៊ូ និងជូរចត់ដោយរស់នៅជាមួយលោកយាយរបស់គាត់តាំងពីក្មេង។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ “Moon Pich” បានបង្ហើបតាមរយៈសំណេរដែលមានចំណងជើងថា “អនុស្សាវរីយនៃជីវិត” ថា លោកយាយរបស់គាត់ បានរក្សាទុកក្រមា និងខ្សែគោដែលគាត់បានប្រើប្រាស់ ដើម្បីទុកជូនចៅ ដែលវត្ថុទាំងនេះ បង្ហាញធ្វើឱ្យគាត់នឹករឭកដល់រឿងកាលពីអតីតកាល ពេលខ្លួនជាក្មេងគង្វាលគោ។ ទោះជីវភាពពុំសូវល្អប្រសើរក៏ដោយ ក៏យុវជនរូបនេះ បានពុះពារជម្នះរាល់ឧបសគ្គ រហូតបានបញ្ចប់ការសិក្សានៅសាលាដែលគ្រប់គ្នាតែងប្រាថា្នចង់បាន។
បើតាមគណនីហ្វេសប៊ុកនោះ បានឱ្យដឹងថា៖ “១០ឆ្នាំហើយដែលលោកយាយរក្សាទុកក្រមា និងខ្សែគោដែលខ្ញុំប្រើ ហើយរងចាំខ្ញុំត្រលប់ទៅស្រុកវិញ។ ខ្ញុំតែងប្រើវាសម្រាប់ជាថ្នក់ដាក់ បាយ ទឹក និងសៀវភៅនៅពេលទៅឃ្វាលគោពេលរស់នៅឯស្រុកកំណើត។ ភាគច្រើន នៅក្នុងថ្នក់បាយមានតែ បាយនិងអំបិល ដែលលោកយាយខ្ចប់ឱ្យប៉ុណ្ណោះ។
ពេលនេះលោកយាយ បានយកខ្សែគោ និងក្រមាចាស់ នេះធ្វើជាកាដូសម្រាប់ថ្ងៃបញ្ចប់ការសិក្សារបស់ខ្ញុំពីបណ្ឌិតសភាយោធាអាមេរិក។
គាត់បានប្រាប់ខ្ញុំថាគាត់រក្សាទុក ព្រោះពេលនឹកចៅម្ដងៗ យាយយកវាមកមើលដើម្បីកុំឱ្យនឹកចៅពេក។
លោកយាយបន្តទៀតថា ពេលនេះយាយប្រគល់វាឱ្យចៅវិញហើយ ទោះទៅដល់ទីណាសូមចៅកុំភ្លេចកំណើតរបស់ខ្លួនដែលធ្លាប់ជាក្មេងឃ្វាលគោឱ្យសោះ។
ខ្ញុំស្ទើរស្រក់ទឹកភ្នែក ពេលលឺអ្នកមានគុណដែលបីបាច់ថែរក្សាខ្ញុំ តាំងពីទើបនឹងកើត រហូតធំពេញវ័យ មានប្រសាសន៍បែបនេះ។ វាជាកាដូដ៏មានតម្លៃបំផុតក្នុងជីវិតរបស់ខ្ញុំ។
សូមអរគុណលោកយាយជាទីគោរពស្រលាញ់របស់ចៅ”៕





