ថៃ៖ រស់នៅជាមួយគ្នាអស់រយៈពេល ៦៥ឆ្នាំ ប្តីប្រពន្ធវ័យចំណាស់ដែលបានរួមរស់នៅជាមួយគ្នាតាំងពីអាយុ ២០ឆ្នាំមិនដែលបានថតរូបគូស្នេហ៍នឹងគ្នាម្តងឡើយ ពោលលោកទាំង២ ក៏មិនបានរៀបការនឹងគ្នាអ្វីដែរ ដោយហេតុនេះហើយទើបចៅប្រុសរបស់លោកជាអ្នកថតរូបឯករាជ្យវ័យ ៣៧ឆ្នាំម្នាក់ បានរៀបចំថតរូប Pre-wedding សម្រាប់លោកទាំង២ដោយមានមិត្តស្រីរបស់លោកជាអ្នករៀបចំសម្លៀកបំពាក់ ក៏ដូចជាការតុបតែងខ្លួនដល់លោកតាលោកយាយផងដែរ។
មកទល់ពេលនេះលោកតាមានវ័យ ៨៦ឆ្នាំហើយ រីឯលោកយាយក៏មានវ័យ ៨៥ឆ្នាំផងដែរ ដោយតាំងពីដើមមកលោកទាំង២ជាអ្នកជិតខាងនឹងគ្នា និងបានចាប់ចិត្តស្រលាញ់គ្នារហូតចាប់ដៃសាងគ្រួសារតាំងពីវ័យ២០ឆ្នាំម្ល៉េះ។ រូបភាព និងវីដេអូដែលចៅប្រុសរបស់លោកទាំង២ បានចែករំលែកឡើងលើតិកតុកទទួលបានការចាប់អារម្មណ៍ជាខ្លាំង រហូតមានមនុស្សជាច្រើននាំគ្នាសរសើរពីភាពផ្អែមល្ហែម និងភាពស្មោះត្រង់ដែលលោកទាំង ២បានផ្តល់ឱ្យគ្នាអស់រយៈពេល ៦៥ឆ្នាំមកនេះ៕