×

ក្រម៉ា និងខ្សែគោ បានក្លាយជា​កាដូ​ដ៏​មានតម្លៃ​សម្រាប់​និស្សិតខ្មែរ​ដែល​ទើបបញ្ចប់​ការសិក្សា​ផ្នែក​បណ្ឌិតយោធា​ពី​សហរដ្ឋអាមេរិក

កម្សាន្ត៖ អតីតនិស្សិតដែលទើបបញ្ចប់ការសិក្សាផ្នែកបណ្ឌិតយោធាបីសហរដ្ឋអាមេរិកដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គមដែលមានឈ្មោះ Moon Pich នាពេលថ្មីៗនេះ បានរៀបរាប់បែបនេះថា “១០ ឆ្នាំហើយដែលលោកយាយរក្សាទុកក្រម៉ា និងខ្សែគោដែលខ្ញុំប្រើ ហើយរង់ចាំខ្ញុំត្រលប់ទៅស្រុកវិញ។ ខ្ញុំតែងប្រើវាសម្រាប់ជាថ្នក់ដាក់ បាយ ទឹក និងសៀវភៅនៅពេលទៅឃ្វាលគោពេលរស់នៅឯស្រុកកំណើត។ ភាគច្រើន នៅក្នុងថ្នក់បាយមានតែ បាយ និងអំបិល ដែលលោកយាយខ្ចប់ឱ្យប៉ុណ្ណោះ”។

លោកបានបន្ថែមទៀតថា “ពេលនេះលោកយាយ បានយកខ្សែគោ និងក្រម៉ាចាស់នេះធ្វើជាកាដូសម្រាប់ថ្ងៃបញ្ចប់ការសិក្សារបស់ខ្ញុំពីបណ្ឌិតសភាយោធាអាមេរិក។ គាត់បានប្រាប់ខ្ញុំថាគាត់រក្សាទុក ព្រោះពេលនឹកចៅម្ដងៗ យាយយកវាមកមើលដើម្បីកុំឱ្យនឹកចៅពេក។ លោកយាយបន្តទៀតថា ពេលនេះយាយប្រគល់វាឱ្យចៅវិញហើយ ទោះទៅដល់ទីណាសូមចៅកុំភ្លេចកំណើតរបស់ខ្លួនដែលធ្លាប់ជាក្មេងឃ្វាលគោឱ្យសោះ”។

លោកបានសម្តែងឱ្យដឹងថា “ខ្ញុំស្ទើរស្រក់ទឹកភ្នែក ពេលឮអ្នកមានគុណដែលបីបាច់ថែរក្សាខ្ញុំ តាំងពីទើបនឹងកើត រហូតធំពេញវ័យ មានប្រសាសន៍បែបនេះ វាជាកាដូដ៏មានតម្លៃបំផុតក្នុងជីវិតរបស់ខ្ញុំ
សូមអរគុណលោកយាយជាទីគោរពស្រលាញ់របស់ចៅ”។ គួរបញ្ជាក់ដែរថា ជីវិតដែលធ្លាប់តែជាក្មេងឃ្វាលគោម្នាក់ តស៊ូបានសិក្សារហូតខ្ពង់ខ្ពស់កម្រិតនេះ ពិតជាមិនធម្មតា រហូតធ្វើឱ្យមនុស្សជាច្រើនកោតសរសើរ និងចាត់ទុកលោកជាគំរូសម្រាប់ក្មេងជំនាន់ក្រោយផងដែរ៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង