បាត់ដំបង៖
ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្ត៥២អង្គ/នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើការសង្គ្រោះបន្ទាន់ ក្រោយពីបានពុលចំណីអាហារនៅក្នុងវត្តនា
ថ្ងៃសីល ត្រូវនឹងថ្ងៃចន្ទ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅក្នុងបរិវេណវត្តសំរោងលើ ក្នុងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ។
ទាំងព្រះសង្ឃ ក៏ដូចជា ឧបាសក ឧបាសិកា ចំណុះជើងវត្ត កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី។ ពុទ្ធបរិស័ទចំណុះជើងវត្ត បានមូលមតិគ្នារៀបចំធ្វើបាញ់ហយ ដើម្បីប្រគេនព្រះសង្ឃឱ្យប្លែកមាត់ម្តង។ លុះក្រោយពីព្រះសង្ឃឆាន់រួច ពលរដ្ឋទាំងអស់ ក៏បានចាប់ផ្តើមនាំគ្នាបរិភោគយ៉ាងឆ្ងាញ់ពិសា ប៉ុន្តែមិនបានប៉ុន្មាននាទីផង ទាំងព្រះសង្ឃ ក៏ដូចជា ពុទ្ធបរិស័ទ ចាប់ផ្តើមមានអាការក្អួតចង្អោរ និងរាករូសឥតឈប់ឈរ។
តាមការអះអាងបឋមពីក្រុមគ្រូពេទ្យ បានបញ្ជាក់ថា បញ្ហានេះ គឺអាចបណ្តាលមកពីបន្លែឆៅ ដែលលាងមិនស្អាត។ នៅព្រឹកថ្ងៃទី ៣១ខែឧសភានេះ អាជ្ញាធរមានសមត្ថកិច្ច បានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ និងសិក្សាលើបញ្ហានេះ៕