
នេប៉ាល់៖ មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា សពមនុស្សទាំង ២២នាក់ រួមទាំងអ្នកដំណើរ ១៩ នាក់ និងអ្នកបម្រើការលើយន្តហោះ ៣ នាក់ លើយន្តហោះដែលបានធ្លាក់នៅតំបន់ភ្នំហិម៉ាឡៃ ក្នុងប្រទេសនេប៉ាល់កាលពី ២ថ្ងៃមុន ត្រូវបានរកឃើញទាំងអស់។

ជនជាតិអាល្លឺម៉ង់២នាក់ ឥណ្ឌា៤នាក់ និងនេប៉ាល់១៦នាក់ បានជិះយន្តហោះប្រភេទ DHC-6-300 Twin Otter របស់ក្រុមហ៊ុនផលិតយន្តហោះកាណាដា De Havilland ដែលបានធ្លាក់ ១៥ នាទីបន្ទាប់ពីហោះចេញពីទីក្រុងទេសចរណ៍ Pokhara ចម្ងាយ ១២៥ គីឡូម៉ែត្រ ភាគខាងលិចនៃទីក្រុង Kathmandu កាលពីព្រឹកថ្ងៃអាទិត្យ។
យន្តហោះនេះ គ្រោងហោះទៅទីក្រុង Jomsom ដែលជាកន្លែងទេសចរណ៍ មានចម្ងាយ ៨០ គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុង Pokhara ។
មន្ត្រីបាននិយាយថា សពជនរងគ្រោះចំនួន ១០នាក់ត្រូវបាននាំយកទៅកាន់ទីក្រុង Kathmandu កាលពីថ្ងៃចន្ទ ហើយសាកសពចំនួន ១២ នាក់ទៀត នឹងត្រូវបញ្ជូនទៅកាន់រដ្ឋធានីនេះ នៅថ្ងៃអង្គារ។
រដ្ឋាភិបាលនេប៉ាល់បានបង្កើតក្រុមពិសេស ដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់យន្តហោះ និងស្នើឱ្យមានវិធានការបង្ការសម្រាប់វិស័យអាកាសចរណ៍៕




