ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន សម្រាប់អ្នកដំណើរពីបរទេស បានចេញសេចក្ដីជូនដំណឹងអំពីការសម្រេចកែសម្រួលវិធានការព្រំដែនថ្មី សម្រាបអ្នកដំណើរដែលមានបំណងធ្វើដំណើរចូលមកកាន់ប្រទេសជប៉ុន។
បើយោងតាមសេចក្ដីជូនដំណឹងដែលស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញផ្សាយនៅលើបណ្ដាញសង្គម ថ្ងៃទី១ ខែមិថុនានេះ បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន បានសម្រេចដាក់ប្រទេសកម្ពុជា ក្នុង “ក្រុមខៀវ” ដែលមិនតម្រូវឱ្យមានការធ្វើតេស្តកូវីដ១៩ នៅពេលមកដល់ និងធ្វើចត្តាឡីស័កនោះទេ។
សូមបញ្ជាក់ថា ចំពោះអ្នកដំណើរពីប្រទេសក្រុមខៀវ តម្រូវឱ្យបង្ហាញលទ្ធផលតេស្ត PCR រយៈពេល ៧២ ម៉ោងមុនចេញដំណើរ ដោយពុំមានការលើកលែងនោះទេ។ ការអនុវត្តនូវការកែសម្រួលវិធានការនេះ នឹងចាប់ផ្ដើមពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ តែម្ដង៕