
កូរ៉េខាងត្បូង៖ មនុស្សជាច្រើនយល់ថា BLACKPINK ដែលជាក្រុមតារាចម្រៀងស្រីល្បីឈ្មោះម្នាក់ប្រាកដជារស់នៅសុខស្រួលដោយសារពួកគេមានគ្រប់សព្វបែបយ៉ាងនៅក្នុងជីវិត។ ប៉ុន្តែក្នុងជីវិតជាក់ស្តែងវិញ តារាស្រីដែលពោរពេញដោយប្រជាប្រិយភាពទាំងបួនតែងតែងមានបញ្ហាទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តជាញឹកញាប់។

ក្នុងបទសម្ភាសជាមួយនឹង Rolling Stone អ្នកទាំង៤ បានបញ្ជាក់ឱ្យដឹងពីអារម្មណ៍របស់ខ្លួនបែបនេះថា៖
១. Rose: មួយជីវិតនេះខ្ញុំមិនដែលបានសម្រាកស្រួលឡើយ ទើបតែអំលុងពេលនៃវិបត្តិកូវីដ១៩ យើងមិនអាចធ្វើអ្វីបាន។ ខ្ញុំជាមនុស្សដែលញាណជាមួយការងារ នៅពេលទំនេរខ្ញុំស្ត្រេសមិនដឹងថាត្រូវធ្វើអ្វីក្រៅពីការងារឡើយ មិនត្រឹមតែប៉ុណ្ណោះខ្ញុំបានគិតថែមទៀតថា គិតយ៉ាងម៉េចប្រសិនជាគ្រប់គ្នាលែងចាប់អារម្មណ៍លើនាង ឬក្រុម BLACKPINK បន្ទាប់ពីវិបត្តិកូវីដ១៩ បញ្ចប់ទៅ? តើខ្ញុំគួរទៅធ្វើអ្វីវិញនៅពេលអនាគត? Rose បានបន្ថែមថា រាល់ពេលដែលខ្ញុំស្ត្រេសម្តងៗ ខ្ញុំតែងឡើងពងបែកពេញខ្លួន វាពិតជាឈឺណាស់។
២. Lisa: ក្នុងឆ្នាំ ២០១៧ “បទចម្រៀង “As If It’s Your Last” និងបទចម្រៀង “DDU-DU DDU-DU” ឆ្នាំ២០១៨ គឺជាពេលវេលាដែលធ្វើឱ្យខ្ញុំមានសម្ពាធ ព្រោះនៅពេលដែលខ្ញុំទៅថតបទចម្រៀង ខ្ញុំច្រៀងមិនចេញឡើយ ខ្ញុំបានយំដោយសារយល់ថាខ្លួនឯងធ្វើឱ្យក្រុមការងារពិបាកដោយសារខ្លួន ប៉ុន្តែនាងអាចឆ្លងផុតដំណាក់កាលទាំងនោះបន្ទាប់ពីផលិតករ Teddy បានជួយនាងឱ្យបាត់ភ័យខ្លាច និងមានទំនុកចិត្តលើខ្លួនឯង។
៣. Jennie: មិនចម្លែកនោះទេដែលខ្ញុំមិនអាចមានសុខភាពល្អទាំងរាងកាយ និងផ្លូវចិត្ត ដោយសារភាពហត់នឿយជាមួយនឹងកាលវិភាគការងារចង្អៀតដែលត្រូវចេញប្រគំតន្ត្រីទាំងក្នុង និងក្រៅប្រទេសរយៈពេល ១ឆ្នាំកន្លះ។ ខ្ញុំមិនដែលបានសម្រាកគ្រប់គ្រាន់ និងញ៉ាំទៀងពេលឡើយ ដែលមនុស្សក្នុងវ័យនេះជាពេលវេលាកំពុងពេញគេង ប៉ុន្តែសម្រាប់ខ្ញុំ រួមទាំងក្រុមត្រូវធ្វើការឥតឈប់ឈររយៈពេល ៣-៤ឆ្នាំមកហើយបើទោះជាឈឺក៏ដោយ។
៤. Jisoo: អំលុងពេលកំពុងសម្តែងក្នុងកម្មវិធី Coachella កាលពីឆ្នាំ២០១៩ ខ្ញុំឈឺខ្នងជាខ្លាំង ប៉ុន្តែខ្ញុំមិនអាចសម្រាកបាន នេះមិនមែនមកពីខ្ញុំស្រលាញ់ឆាកមួយនេះទេ ប៉ុន្តែដោយសារតែពាក្យថាទំនួលខុសត្រូវ និងកាតព្វកិច្ច។ រហូតមកដល់ថ្មីៗនេះ ឧប្បត្តិវហេតុបានកើតឡើងដោយខ្ញុំបានដើរបុកទ្វារពេញមួយទំហឹង បើទោះជាមិនបាក់ ឬប្រេះឆ្អឹងក៏ពិតមែន ប៉ុន្តែវាពិតជាឈឺខ្លាំងកាលពីខែមុនដែលខ្ញុំត្រូវទៅមន្ទីរពេទ្យដើម្បីថតមើល។
Jisoo បានបន្ថែមថា មកទល់ពេលនេះរបួសមួយនេះមិនទាន់ជានៅឡើយ ប៉ុន្តែ ជាសំណាងដែលបទចម្រៀងថ្មីរបស់ BLACKPINK មិនទាន់ថតចប់ និងអរគុណដល់ក្រុមដែលមិនទាន់ចាប់ផ្តើមហាត់រាំ ខ្ញុំសង្ឃឹមថារបួសនឹងជាសះស្បើយឆាប់ៗមុនពេលដែលខ្ញុំត្រូវរាំក្នុងពេលឆាប់ៗនេះ៕






