បាត់ដំបង៖ ករណីប្រជាពលរដ្ឋយកចង្ហាន់ បាញ់ហយ និងមានបន្លែច្រើនមុខ ទៅប្រគេនព្រះសង្ឃ នៅថ្ងៃឧបោសថសីល នៅក្នុងវត្តសំរោងលើ ភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ក្រោយពីបានឆាន់ និងទទួលទាន ស្រាប់តែមានការភ្ញាក់ផ្អើលភ្លាមៗ ដោយសារព្រះសង្ឃ ៥អង្គ និងពុទ្ធបរិស័ទសរុបចំនួន ៥២អង្គ/នាក់ មានអាការៈចុកពោះ រាគ និងក្អួតចង្អោរ ជាបន្តបន្ទាប់ ហើយអ្នកពុលអាហារទាំងនោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។
ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) ប្រចាំខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ សហការចុះស្រាវជ្រាវករណីពុលនេះ ដែលបានចេញលទ្ធផលបណ្តោះអាសន្ន នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់ថា បានរកឃើញគំរូទឹកត្រីជ្រលក់(ទឹកត្រីបាញ់ហយ) វិជ្ជមានសារធាតុ Salicylic Acid។
មន្ត្រី ក.ប.ប. បានបញ្ជាក់ថា យោងតាមលទ្ធផលខាងលើមន្ត្រីស៊ើបអង្កេត នឹងបន្តនីតិវិធីវិភាគ និងស្រាវជ្រាវពាក់ព័ន្ធនឹងវត្តមានសារធាតុ Salicylic Acid នៅក្នុងទឹកត្រីជ្រលក់នេះបន្ថែមទៀត ដោយការចុះស្រាវជ្រាវនេះ សហការពីកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រដ្ឋបាលស្រុក និងកម្លាំងអធិការនគរបាលស្រុកគាស់ក្រឡ៕