អាមេរិក៖ តារាសម្តែងហូលីវូដ លោក Johnny Depp បានទទួលជ័យជម្នះស្ទើរតែទាំងស្រុង នៅក្នុងបណ្តឹងបរិហារកេរ្តិ៍ប្រឆាំងនឹងអតីតភរិយា អ្នកស្រី Amber Heard បន្ទាប់ពីសនាវការដំណើរការរយៈពេល ៦សប្តាហ៍។
យោងតាមរបាយការណ៍របស់ Reuters លោក Depp ទទួលបាន ១៥លានដុល្លារអាមេរិកពី Heard ប៉ុន្តែត្រូវបានកាត់បន្ថយមកត្រឹម ១០,៣៥លានដុល្លារអាមេរិក ស្របតាមការកំណត់របស់រដ្ឋ Virginia អាមេរិក។ Depp ក៏ត្រូវបានបញ្ជាឱ្យបង់ថ្លៃខូចខាតចំនួន ២លានដុល្លារទៅឱ្យ Heard វិញផងដែរ។
សំណុំរឿងនេះកើតឡើងនៅពេលដែលលោក Depp បានប្តឹងអ្នកស្រី Heard ទារទាមការខូចខាត ៥០លានដុល្លារ ដោយលោកអះអាងថានាងបានបង្ខូចកេរ្តិ៍ឈ្មោះគាត់ នៅក្នុងសារព័ត៌មាន ដែលនាងបានពណ៌នាខ្លួននាងថាជា “បុគ្គលសាធារណៈតំណាងឱ្យការរំលោភបំពានក្នុងគ្រួសារ”។
វាមិនមែនជាលើកទីមួយទេ ដែលលោក Depp ចាត់វិធានការផ្លូវច្បាប់ ដោយលោកបានប្តឹងកាសែត The Sun របស់អង់គ្លេសកាលពី ២ឆ្នាំមុន បន្ទាប់ពីកាសែតនេះ បានពណ៌នាគាត់ថាជា “អ្នកវាយប្រពន្ធ”។ ទោះជាយ៉ាងណា ក្នុងករណីនោះ តុលាការបានរកឃើញថា លោក Depp បានវាយដំ Heard ពិតមែន។
នៅក្នុងការកាត់ក្តីចុងក្រោយនេះ Heard បានប្ដឹងប្រឆាំងនឹងអតីតស្វាមីរបស់នាង ដោយទាមទារ ១០០លានដុល្លារ ដោយអះអាងថាកេរ្តិ៍ឈ្មោះរបស់នាងត្រូវបានបំផ្លាញដោយមេធាវីរបស់ Depp ។ រឿងនេះ បានទាក់ទាញការចាប់អារម្មណ៍ជាសាកល ដោយលោក Depp បានបដិសេធមិនធ្លាប់វាយ Heard ឬស្ត្រីណាម្នាក់ឡើយ ដោយអះអាងថា អតីតប្រពន្ធរបស់គាត់បានប្រើអំពើហិង្សាក្នុងចំណងអាពាហ៍ពិពាហ៍របស់ពួកគេ។
តារាសម្តែងរូបនេះ បានអះអាងថា Heard បានធ្វើឱ្យគាត់បាត់បង់អាជីពរបស់គាត់ បន្ទាប់ពីខ្សែភាពយន្ត Pirates of the Caribbean ថ្មីត្រូវបានផ្អាក ហើយគាត់ត្រូវបានដកចេញពីការថតរឿង Fantastic Beasts ។ ក្រោយសវនាការថ្មីៗនេះ លោក Depp បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីថ្លែងអំណរគុណ ដល់ គណៈវិនិច្ឆ័យ។ ទន្ទឹមនឹងនេះដែរ Heard ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដែលនាងបានរៀបរាប់ពីការខកចិត្តរបស់នាងចំពោះសាលក្រមនេះ៕