
បាត់ដំបង៖ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃ នៃអធិការដ្ឋាននគរបាល ស្រុកថ្មគោល នាំខ្លួនព្រះសង្ឃក្លែងក្លាយខណៈកំពុងនិមន្តបិណ្ឌបាតតាមផ្លូវ នៅចំណុចក្រុមទី២ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង យកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២។
ក្នុងការសាកសួរព្រះសង្ឃអង្គនេះមានព្រះនាម លឹម ចាន់វិបុល មានព្រះជន្ម៣០ព្រះវស្សា រស់នៅភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។ ពេលពិនិត្យសមត្ថកិច្ចរកឃើញថ្នាំញៀនមួយថង់រក្សាទុកនៅក្នុងកញ្ចប់បារីមានទម្ងន់ ០,៥៧ក្រាម ទាំងសំបកថង់។ បន្ទាប់មកព្រះសង្ឃអង្គនេះបានសារភាពថា ការគ្រងស្បង់ចីវរជាព្រះសង្ឃនេះ ជាព្រះសង្ឃក្លែងក្លាយទេ។
មុនឈានដល់ការកាក់ដំណើរព្រះសង្ឃក្លែងក្លាយ ដើម្បីសាកសួរនេះ បន្ទាប់ពីនគរបាលស្រុកទទួលព័ត៌មានពីពលរដ្ឋថា ប៉ុន្មានថ្ងៃនេះសង្កេតឃើញព្រះសង្ឃមួយអង្គនិមន្តបិណ្ឌបាតនៅមូលដ្ឋានខាងលើ តែមួយអង្គឯង ហើយចម្លែក ដោយសារព្រះសង្ឃអង្គនេះបិណ្ឌបាតសុំយកតែបច្ច័យ(ប្រាក់) រីឯចង្ហាន់មិនទទួលយកទេ។ ទិដ្ឋភាពរបស់ព្រះសង្ឃអង្គនេះប្រជាពលរដ្ឋនៅមូលដ្ឋានមិនដែលបានឃើញពីមុនមក។ ទទួលបានព័ត៌មាននេះទើបសមត្ថកិច្ច ស្វែងរកជួបព្រះសង្ឃអង្គនេះដើម្បីសាកសួរ។
លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានឱ្យដឹងថា ពេលសាកសួរព្រះសង្ឃអង្គនេះបានសារភាពថា ជាព្រះសង្ឃក្លែងក្លាយទេ មុននឹងមកដល់ខេត្តបាត់ដំបង បានទៅលួចយកស្បង់ចីវរ បាត និងថង់យាមរបស់ព្រះសង្ឃនៅវត្តមួយនាខេត្តបន្ទាយមានជ័យ ហើយពេលលួចបានក៏ផ្តើមគ្រងស្បង់ចីវរនេះ ក្លែងជាព្រះសង្ឃដើរបិណ្ឌបាតនៅតាមភូមិនាឃុំជ្រៃ ស្រុកថ្មគោល រហូតដល់សមត្ថកិច្ចទទួលព័ត៌មាននេះ។ បន្ទាប់សមត្ថកិច្ច បានទាក់ទងមន្ត្រីធម្មការស្រុកថ្មគោលដើម្បីមានចំណាត់ការខាងផ្នែកសាសនា មុនពេលសមត្ថកិច្ចចាត់វិធានការបន្តតាមនីតិវិធីច្បាប់៕
