×

ងាយឃ្លាន​ពេលយប់? នេះ​កំពូល​អាហារ​សម្រន់​ញ៉ាំឆ្អែត ហើយ​អាច​គេង​លក់ស្រួល​ទៀត

ទោះយប់ជ្រៅទៅហើយ ប៉ុន្តែនៅមានគ្នាយើងមួយចំនួន គេងមិនទាន់លក់ដោយសារកូរពោះគ្រូកៗ ធ្វើឱ្យពិបាកគេង។ គ្នាយើងដឹងអត់ ពេលទ្រាំគេងទាំងឃ្លាន អាចធ្វើឱ្យយើងឡើងគីឡូ និងប៉ះពាល់ដល់សុខភាព និងផ្នែកផ្សេងៗដូចជា បាត់បង់សាច់ដុំ ធ្វើឲ្យអស់កម្លាំង ឬគេងមិនគ្រប់គ្រាន់។ បញ្ហាគេងមិនលក់ដោយសារឃ្លានពេលយប់ មានគ្នាយើងមួយចំនួនឧស្សាហ៍ជួប ពិសេសយុវវ័យៗ ហើយខ្លះទ្រាំគេងទាំងឃ្លាន អត់ហ៊ានញ៉ាំព្រោះខ្លាចធាត់។

លើកក្រោយបើឃ្លានយប់ទៀត គ្នាយើងអាចញ៉ាំអាហារសម្រន់មានកាឡូរីទាបខាងក្រោម ដោយមិនបាច់ខ្លាចធាត់ ហើយវាថែមទាំងធ្វើឱ្យគេងលក់ស្រួលដែរ។

១.ផ្លែចេក និង ប៊័រAlmond
ញ៉ាំផ្លែចេក ជ្រលក់ជាមួយប៊័រ Almond អាចជួយបង្កើនកម្រិត melatonin ក្នុងរាងកាយ ដើម្បីជួយឱ្យយើងគេងលក់ស្រួល ហើយវាមានកាឡូរីត្រឹមតែ ១៦៥កាឡូរី។

២.ផ្លែគីវី
ផ្លែគីវី ជាអាហារសម្រន់មួយសម្បូរទៅដោយវីតាមីន C។ យប់ឡើងបើឃ្លាន ញ៉ាំផ្លែគីវី ២ ផ្លែ មានកាឡូរីត្រឹមតែ៩៣ ប៉ុណ្ណោះ ហើយវាជាប្រភពធម្មជាតិនៃសារធាតុ serotonin ដែលជួយដល់ការសម្រាកបន្ធូរអារម្មណ៍ និងជួយទប់ស្កាត់ចំណង់អាហារ។

៣.ទឹកក្រឡុកប្រូតេអ៊ីន
ទឹកក្រឡុកធ្វើចេញពីទឹកដោះគោ និងផ្លែឈើផ្ដល់ប្រូតេអ៊ីន សម្រាប់ជួសជុលសាច់ដុំ និងមានផ្ទុកសារធាតុ tryptophan ដែលប្រើដើម្បីបង្កើតសារធាតុគីមីខួរក្បាលជួយដល់ការគេង។ ឧ. យើងធ្វើទឹកក្រឡុកដោយប្រើទឹកដោះគោមានជាតិខ្លាញ់ទាប ២៤០មិល្លីលីត្រ ជាមួយផ្លែម្នាស់មួយ ឬពីរកូនចាន ផ្ទុកត្រឹមតែ ១៦០កាឡូរី។

៤.យ៉ាអ៊ួរ
យ៉ាអ៊ួរ ជាប្រភពដ៏ល្អនៃប្រូតេអ៊ីនដែលជួយទប់ទល់ចំណង់អាហារ ហើយវាក៏សម្បូរទៅដោយកាល់ស្យូម ជួយឱ្យយើងគេងលក់បានស្រួលផងដែរ។ យ៉ាអ៊ួគ្មានជាតិខ្លាញ់ ១៧០ក្រាម មានត្រឹមតែ ៩៤កាឡូរីប៉ុណ្ណោះ។

៥.ស៊ុត
គ្នាយើងអាចគិតថា ស៊ុតមិនមែនជាប្រភេទអាហារសម្រន់ទេ ប៉ុន្តែ ស៊ុតងាយស្រួលក្នុងការចម្អិន ហើយវាក៏ជាប្រភពនៃប្រូតេអ៊ីន ដែលជួយមិនឱ្យយើងឃ្លានទៀត ស៊ុតធំមួយគ្រាប់ ផ្ទុកកាឡូរី៧២៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង