×

ក្រុងសៀងហៃ ជំរុញ​ការធ្វើ​តេស្តកូវីដ ក្រោយ​ការកើនឡើង​ចំពោះ​ករណី​នៅ​ក្រៅ​កន្លែងចត្តាឡីស័ក

ចិន៖ ទីក្រុងសៀងហៃ កំពុងពង្រឹងសមត្ថភាពធ្វើតេស្តកូវីដ១៩របស់ខ្លួន ខណៈដែលករណីកើតឡើងម្តងទៀតនៅក្នុងសហគមន៍ ហើយអ្នកស្រុក ចាប់ផ្តើមផ្លាស់ទីដោយសេរីបន្ទាប់ពីការបន្ធូរបន្ថយការបិទខ្ទប់។

ក្រុងសៀងហៃនៅថ្ងៃសុក្រ ទី៣ ខែមិថុនានេះ បានរាយការណ៍ពីការឆ្លងកូវីដ១៩ថ្មីចំនួន១៦ករណី។ ៧នាក់ក្នុងចំណោមពួកគេ ជាអ្នកដែលនៅខាងក្រៅកន្លែងធ្វើចត្តាឡីស័ករបស់រដ្ឋាភិបាល ដែលជាចំនួនខ្ពស់បំផុតនៃករណីឆ្លងក្នុងសហគមន៍ចាប់តាំងពីក្រុមមន្ត្រីបានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹង។

លោក Xia Kejia មន្ត្រីទទួលបន្ទុកការងារធ្វើតេស្តកូវីដ១៩ នៅទីក្រុងសៀងហៃ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងនឹងបន្ថែមស្តង់ធ្វើតេស្ត PCR បន្ថែមទៀត បង្កើនបុគ្គលិកនៅកន្លែងមមាញឹក និងពង្រីកពេលវេលាសេវាកម្ម ដើម្បីបំពេញតម្រូវការរបស់អ្នកស្រុក។ អ្នកស្រុកនៅតែត្រូវការលទ្ធផលតេស្តអវិជ្ជមាន ដើម្បីចូលទៅប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ ចូលផ្សារទំនើប ឬទៅការិយាល័យ។

ការឆ្លងថ្មីបានកើនឡើងដល់ ៧៤ នាក់នៅទូទាំងប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែវានៅតិចជាងដើមខែមេសាកន្លងទៅ ដែលមានករណីរាប់ម៉ឺនជារៀងរាល់ថ្ងៃ នៅពេលដែលការផ្ទុះឡើងនៅទីក្រុងសៀងហៃ បានរំខានដល់អាជីវកម្ម និងសម្លាប់ជីវិតរបស់មនុស្ស៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង