វៀតណាម៖ ក្រសួងកសិកម្មរបស់ប្រទេសវៀតណាម បាននិយាយថា ប្រទេសនេះបានក្លាយជាប្រទេសដំបូងគេ ដែលផលិតវ៉ាក់សាំងសម្រាប់ជំងឺប៉េស្តជ្រូកអាហ្វ្រិក។ ក្រសួងដដែល នឹងធ្វើការប្រកាសជាផ្លូវការនៅថ្ងៃសុក្រនេះ និងធ្វើការចែកចាយវ៉ាក់សាំងនេះផងដែរ។
មន្ត្រីវៀតណាម បានអះអាងថា វ៉ាក់សាំងនេះត្រូវបានគេហៅថា NAVET-ASFVAC ហើយត្រូវបានផលិតដោយក្រុមហ៊ុន Navetco National Veterinary (Navetco)។ មន្ត្រីរូបនោះបន្តថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក ត្រូវបានរកឃើញដំបូងនៅទ្វីបអាហ្រ្វិកក្នុងឆ្នាំ១៩២១ និងធ្វើឱ្យជ្រូកស្លាប់ជាបន្តបន្ទាប់។ គម្រោងស្រាវជ្រាវជាង ៤០០០គម្រោង ទាក់ទងនឹងវ៉ាក់សាំង មិនទទួលបានជោគជ័យឡើយនាពេលកន្លងមក។
ប្រទេសវៀតណាម បានចាប់ផ្តើមធ្វើការផលិតវ៉ាក់សាំងប្រភេទនេះ កាលពីឆ្នាំ២០២០ ដោយមានជំនួយពីអ្នកជំនាញអាមេរិក។ បន្ទាប់ពីការសាកល្បងមន្ទីរពិសោធន៍ចំនួន ៥ វ៉ាក់សាំងនេះបានបង្ហាញថាអាចការពារយ៉ាងហោចណាស់ ៨០ភាគរយនៃសត្វជ្រូក ដែលបង្កើតភាពស៊ាំនឹងជំងឺបានរយៈពេល៦ខែ។
សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ក្នុងលិខិតផ្ញើទៅនាយកដ្ឋានសុខភាពសត្វ សេវាស្រាវជ្រាវ កសិកម្មរបស់សហរដ្ឋអាមេរិក បាននិយាយថា វ៉ាក់សាំងនេះ មានសុវត្ថិភាព និងមានប្រសិទ្ធភាព។ ជំហានដំបូង ប្រទេសវៀតណាម គ្រោងចាក់វ៉ាក់សាំងនេះលើសត្វជ្រូកប្រហែល ៦សែនក្បាលដែលមានអាយុចន្លោះពី ៨ ទៅ ១០ សប្តាហ៍។ បន្ទាប់ពីការវាយតម្លៃ នាយកដ្ឋានសុខភាពសត្វ នឹងធ្វើការជូនដំណឹងទៅក្រសួងអំពីលទ្ធផល ដើម្បីអាចចែកចាយបានទូទាំងប្រទេស។ ក្រុមហ៊ុន Navetco បាននិយាយថា វ៉ាក់សាំងនេះនឹងមានតម្លៃ ៣៤.០០០-៣៦.០០០ ដុង (១,៤៧-១,៥៥ ដុល្លារ) ក្នុងមួយដូស។
ការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្រ្វិកនៅប្រទេសវៀតណាមកាលពីឆ្នាំ២០១៩ បានរីករាលដាលដល់តំបន់ទាំងអស់ ក្នុងរយៈពេល៧ខែ។ កាលពីឆ្នាំ២០២១ វាបានសម្លាប់ជ្រូកចំនួន ២៨៨.៦៦០ក្បាល។ ជំងឺនេះបានធ្វើឱ្យវៀតណាមខាតបង់ជាង ៣០ ទ្រីលានដុង (១,២៩ពាន់លានដុល្លារអាមេរិក) និងប៉ះពាល់ដល់កសិករ ៣,៥លាននាក់ និងអាជីវកម្មរាប់រយ៕