×

តារាសម្តែង​ភេទទី៣ បើក​រថយន្ត​បុកម៉ូតូ​លាន់​ដូចរន្ទះ​បណ្តាលឲ្យបុរស​ម្នាក់​របួសធ្ងន់

អត្ថបទ៖ រ័ត្ន រង្សី

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយតារាសម្តែង អា ហ័ង បានបើករថយន្តស៊េរីទំនើប Mazda 6 មួយគ្រឿង ក្នុងល្បឿនលឿនជ្រុលទៅបុកជាមួយម៉ូតូឌ្រីម C125 មួយគ្រឿងពេញទំហឹងត្រង់ផ្លោងមនុស្សជិត ២០ម៉ែត្រ បោកផ្ទប់ជាមួយជញ្ជាំងផ្ទះប្រជាពលរដ្ឋ រងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់។

ហេតុការណ៍គ្រោះថ្នាក់ចរាណ៍នេះ បានកើតឡើងនៅចំណុចស្តុបណានជីង ក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៣ និង៣៣នាទីទៀបភ្លឺ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២នេះ។

ក្នុងឧបទ្ធវហេតុនេះ ម៉ូតូរបស់ជនរងគ្រោះ ត្រូវបានរថយន្តរបស់ តារាសម្តែង អា ហ័ង បើកអូសមកជាប់ពីក្រោមរថយន្ត រត់តាំងពីចំណុចកើតហេតុ រហូតមកដល់នឹងស្តុបអាងទឹកអូឡាំពិក ក្នុងសង្កាត់វាល់វង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ រថយន្តទៅមុខលែងរួច គួបផ្សំសមត្ថកិច្ចខណ្ឌ៧មករា កំពុងល្បាតផងនោះ ឃើញក៏ស្ទាក់ចាប់តែម្តង។

តាមការបញ្ជាក់ពី អាហ័ង ជាម្ចាស់រថយន្ត បានប្រាប់ ឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានទៅផឹកស៊ីជុំគ្នាជាមួយមិត្តភក្ត្រក្នុងក្លឹបមួយកន្លែង ហើយក៏បានចេញមកវិញ លុះបើករថយន្តម៉ាក Mazda 6 ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AC-9657 ក្នុងល្បឿនលឿនមកដល់ស្តុបណានជីង មុខមន្ទីរពេទ្យសម្ភពក្រុង ក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាសេ១២៥ ជិះដោយបុរសម្នាក់ មកលឿនណាស់មិនចាប់ហ្វ្រាំងសោះ ទាំងដែលរថយន្តរបស់ខ្លួនកំពុងបើកផ្លូវត្រង់ មិនបានបង្អង់ដូចគ្នា ហើយក៏មិនបានមើលទើបបុកគ្នាពេញទំហឹងតែម្តង មនុស្សខ្ទាតទៅម្ខាង ភ្លាមៗដោយសារគិតថាខ្លួនមិនខុស ទើបខ្លួនបើករថយន្តបន្តទៅមុខទៀត បំណងមកផ្ទះ ដោយមិនដឹងថា មានម៉ូតូជាប់ពីក្រោមរថយន្តរបស់ខ្លួននោះទេ ទាល់តែរថយន្តលែងទៅមុខ ទើបដឹងថាមានម៉ូតូជាប់ពីក្រោម ហើយចំពោះករណីនេះ ខ្លួនសោកស្តាយណាស់ ហើយមានអារម្មណ៍ថាខុស តែមិនខុសខ្លាំងនោះទេ ព្រោះខ្លួនមិនបានខុស។

ជុំវិញករណីនេះ បើតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ ដែលចុះមកដលកន្លែងកើតហេតុ បានឲ្យដឹងថា ករណីនេះ អាចនឹងបញ្ចូនសំណុំរឿងទៅតុលាការ ដោយសារតែស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរ ហើយពេលបុកភ្លាមខាងរថយន្ត មិនបានទទួលខុសត្រូវពេលបង្កគ្រោះថ្នាក់ចរាចរណ៍នោះទេ ខណៈដែលពេលនេះ ភាគីខាងម៉ូតូរងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅពេទ្យសុងការ។

ភ្លាមៗតារាសម្តែងភេទទី ៣រូបនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅចូលក្នុងរថយន្តរបស់សមត្ថកិច្ច ដើម្បីនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ៧មករា ធ្វើការសាកសួរ និងពិនិត្យជាតិអាកុល និងត្រៀមបញ្ជូនខ្លួនជាមួយនឹងរថយន្ត រួមទាំងម៉ូតូ ទៅកាន់ការិយាល័យជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង