ប៉ារីស៖ ក្នុងកម្មវិធីបង្ហាញគ្រឿងអលង្ការម៉ាកល្បីមួយដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី០៦ ខែមិថុនា នៅឯទីក្រុងប៉ារីស ប្រទេសបារាំង ម្សិលមិញនេះឃើញមានវត្តមានតារាល្បីៗជាច្រើនចូលរួមដោយក្នុងនោះក៏មាន Lisa សមាជិករបស់ក្រុម BLACKPINK ផងដែរ។
តារាស្រីកើតឆ្នាំ ១៩៩៧ រូបនេះបានទាក់ទាញចំណាប់អារម្មណ៍មហាជនសាជាថ្មីឱ្យសម្លឹងមើលនាងមិនដាក់ភ្នែក ដោយគ្រប់គ្នាតែងប្រដូច Lisa ទៅនឹងតុក្កតាមានជីវិតត្បិតរូបសម្រស់ស្រីស្អាតរូបនេះរកកន្លែងទាស់គ្មាន។
ក្នុងឈុតសម្លៀកបំពាក់សាមញ្ញពណ៌លឿងខ្ចី សក់ខ្លីពណ៌ទង់ដែងត្រឹមក គួបផ្សំនឹងគ្រឿងឈុតអលង្ការត្បូងពណ៌បៃតង បានរំលេចសម្រស់តារាស្រីរូបនេះឱ្យកាន់តែទាក់ទាញថែមមួយកម្រិតទៀត និងកាន់តែលេចធ្លោក្នុងកម្មវិធីទាំងមូលតែម្តង។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍បន្ថែមពីនេះទៀតនោះ Lisa គឺជាតារាស្រីដែលយកចិត្តទុកដាក់ជាមួយសក់សេះរបស់នាងរហូតគ្មានអ្នកណាអាចប៉ះបានឡើយ ថែមទាំងកម្របង្ហាញឱ្យគ្រប់គ្នាឃើញថ្ងាសម៉ដ្ឋសរលោងរបស់នាងណាស់។ ប៉ុន្តែ ក្នុងកម្មវិធីបង្ហាញគ្រឿងអលង្ការឆ្នាំនេះ Lisa បែរជាវែកសក់សេះរបស់នាងទៅម្ខាង បង្ហាញថ្ងាសទូលាយប្លែកភ្នែកជាខ្លាំង។
ទោះបីជាលេងម៉ូតបែបណាក៏ដោយ ក៏តារាស្រីដ៏មានប្រជាប្រិយភាពរូបនេះនៅតែមានភាពស្រស់ស្អាត ទទួលបានការចាប់អារម្មណ៍ជានិច្ច។ ចង់ដឹងថា Lisa ស្រស់ស្អាតខ្លាំងប៉ុណ្ណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕