×

លោកស្រី ឱ វណ្ណឌីន អំពាវនាវ​ដល់​ពលរដ្ឋកម្ពុជា និង​ជនបរទេស​ដែល​រស់នៅ​កម្ពុជា ទៅ​ទទួលវ៉ាក់សាំង​ដូសជំរុញ​ជាបន្តបន្ទាប់ ជាពិសេស​ដូសទី៥ ដើម្បី​បង្កើន​ភាពស៊ាំ​ក្នុង​សហគមន៍​ឱ្យបានរឹងមាំ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ដែលជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានផ្ញើសារអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា និងជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា សូមទៅទទួលយកវ៉ាក់សាំងកូវីដ១៩ ដូសជំរុញជាបន្តបន្ទាប់ ជាពិសេសដូសទី៥ ដែលនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី៩ ខែមិថុនាខាងមុខនេះ។

ក្នុងសារជាសំឡេង លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ក្នុងអំឡុងពេលនៃមេរោគអូមីក្រុងបំប្លែងថ្មី រឹតតែមានតម្រូវការឱ្យមានភាពស៊ាំក្នុងសរីរាង្គបុគ្គល និងសហគមន៍ឱ្យបានរឹងមាំ ដើម្បីបន្តបាននូវនិរន្តរភាពនៃការបើកដំណើរការប្រទេស ជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងរក្សាកុំឱ្យមានការរាតត្បាតធ្ងន់ធ្ងរ និងមានការស្លាប់ដោយជំងឺកូវីដ១៩ឡើងវិញ ស្របពេលដែលការគ្រប់គ្រងការចម្លងវីរុសកូវីដ១៩ នៅកម្ពុជា មានភាពល្អប្រសើរ ដោយមិមានករណីឈឺ និងស្លាប់ ក្នុងរយៈពេល១ខែរួចមកហើយនោះ ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ១៩នៅឆ្នាំបន្តបន្ទាប់ទៅមុខទៀតនោះ ក៏ត្រូវបានគិតគូរជាប់ជាប្រចាំដែរ ក្នុងការរក្សាភាពរឹងមាំនៃភាពស៊ាំ ដោយការចាក់ដូសជំរុញជាបន្តបន្ទាប់ទៀត និងអាស្រ័យដោយការសម្រេចចិត្ត និងការដឹកនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។

លោកស្រៅ ឱ វណ្ណឌីន បានពន្យល់ថា ការផ្តល់វ៉ាក់សាំងដូសជំរុញ គឺដោយពិចារណាលើថេរវេលា ដែលភាពស៊ាំរបស់បុគ្គល នឹងអាចធ្លាក់ចុះខ្លាំងមែនទែននៅក្នុងរយៈពេលប្រហែល ៣ខែ បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤រួច ក្នុងអំឡុងពេលដែលវីរុសបំប្លែងថ្មីអាចជ្រៀតជ្រែកភាពស៊ាំខ្លាំងជាងមុនការបំប្លែងថ្មីនៃកូវីដ១៩។ ដូចនេះបើភាពស៊ាំរបស់បុគ្គលមានកម្លាំងមិនគ្រប់គ្រាន់ នឹងអាចក្លាយជាហានិភ័យនៃការចុះចាញ់វិរុសកូវីដ១៩បំប្លែងថ្មីលឿន ធ្វើឱ្យបុគ្គល អាចធ្លាក់ខ្លួនឈឺធ្ងន់ និងឈានទៅរកសេចក្តីស្លាប់បានគ្រប់ពេល។

លោកស្រី បានក្រើនរំលឹកថា ស្ថានភាពកូវីដ១៩នៅលើសកលលោក នៅមានភាពផុយស្រួច និងនៅមានការរាតត្បាតនៅឡើយទេ ប្រសិនបើប្រហែស វានឹងអាចធ្វើឱ្យមានការផ្ទុះការរាតត្បាតធំឡើងវិញ។ លោកស្រី បានបន្តថា មធ្យោបាយចាក់់វ៉ាក់សាំងកូវីដ១៩ដូសទី៥ នាពេលនេះ ពិតជាសមស្របទៅនឹងកាលៈទេសៈ ដែលទាំងអស់គ្នាត្រូវអនុវត្តអភិក្រម “ការពារ ប្រសើរជាងព្យាបាល” គួបផ្សំនឹងវិធានការណ៍ការពារខ្លួនផ្សេងទៀត ដើម្បីសុខភាពល្អទាំងអស់គ្នា ឆ្ពោះទៅរកការប្រកបការងារបានគ្រប់យ៉ាង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង