ថៃ៖ មន្ត្រីថៃ បានធ្វើការត្រួតពិនិត្យលើសត្វស្វា ជាង ២៥.០០០ក្បាល ដើម្បីស្វែងរកជំងឺអុតស្វា ប៉ុន្តែមិនទាន់រកឃើញករណីកើតជំងឺអុតស្វា ក្នុងប្រទេសថៃនៅឡើយទេ។
រហូតមកដល់ពេលនេះ ក្រុមមន្ត្រីថៃ បានធ្វើតេស្តលើសត្វស្វាចំនួន ២៥.០០០ ក្បាលក្នុងចំណោម ៥០.០០០ ក្បាលនៅក្នុងទីតាំងចំនួន ២២២ ទូទាំងប្រទេស ប៉ុន្តែលទ្ធផលទាំងអស់ គឺអវិជ្ជមានទ។ នេះបើយោងតាមលោក Phattarapol Mee-on នៃនាយកដ្ឋានឧទ្យានជាតិ សត្វព្រៃ និងអភិរក្សរុក្ខជាតិ បាននិយាយនៅថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២។
លោកបានបន្តថា ការត្រួតពិនិត្យ ក៏ត្រូវបានអនុវត្តលើពពួកសត្វស្វា និងកំប្រុក ៩៧ប្រភេទផ្សេងទៀតដែលនាំចូលពីបរទេស។ លោកបានបន្តថា អ្នកដែលរស់នៅជិតជម្រកសត្វស្វា ត្រូវបានជំរុញឱ្យនៅឆ្ងាយពីពួកវា និងចៀសវាងការចិញ្ចឹមស្វា។
យោងតាមនាយកដ្ឋានឧទ្យានជាតិ សត្វព្រៃ និងរុក្ខជាតិថៃ ឱ្យដឹងថា សត្វស្វាជាង ៥០០ ក្បាលត្រូវបាននាំចូលកាលពីឆ្នាំមុន ហើយ ១០០០ ក្បាលត្រូវបាននាំយកចូលទៅក្នុងប្រទេសថៃក្នុងឆ្នាំ២០២២នេះ។ ភាគច្រើននាំមកពីកសិដ្ឋានស្វា នៅអឺរ៉ុប និងអាហ្វ្រិក៕