ឥណ្ឌូណេស៊ី៖ សពក្មេងជំទង់ម្នាក់ ដែលលង់ទឹក ត្រូវបានរកឃើញនៅពាក់កណ្តាលអធ្រាត្រ បន្ទាប់ពីគេបានលះបង់ជីវិត ក្នុងគោលបំណងជួយសង្គ្រោះប្អូនប្រុសរបស់ខ្លួនពីការលង់ទឹក។
សពរបស់យុវជន Muhammad Aidil Mubarok អាយុ១៦ឆ្នាំ ជាសិស្សរស់នៅក្នុងទីក្រុង Denpasar ត្រូវបានគេរកឃើញនៅចម្ងាយពី ២០០ ទៅ ៣០០ ម៉ែត្រពីកន្លែងដែលបានបាត់ខ្លួន កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២។
យោងតាមទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះរបស់កោះបាលី បានឱ្យដឹងថា មិនមានស្លាកស្នាម ឬរបួស នៅលើសពរបស់ជនរងគ្រោះនោះទេ ហើយសម្លៀកបំពាក់របស់គេ មិនមានការរហែក ឬស្លាកស្នាមអ្វីឡើយ។
Aidil ត្រូវបានគេរាយការណ៍ថា បានលេងបាល់ទាត់នៅក្បែរឆ្នេរ ឈ្មោះ Double Six ជាមួយប្អូនប្រុសរបស់គេ និងមិត្តភក្តិ ៣នាក់ផ្សេងទៀត។ ក្រោយមក ជនរងគ្រោះ និងប្អូនប្រុសបានចុះមុជទឹកសមុទ្រ។ រលកដ៏ខ្លាំងបានទាញប្អូនប្រុសរបស់ Aidil ។ ដោយឃើញបែបនេះ ជនរងគ្រោះ បានព្យាយាមជួយបងប្អូនបង្កើតរបស់ខ្លួនឱ្យរួចផុតពីសេចក្ដីស្លាប់។ នៅទីបំផុត ប្អូនប្រុសរបស់គេបានរួចជីវិត ប៉ុន្តែជាអកុសល Aidil ក៏ត្រូវបានអូសទាញដោយចរន្តទឹក។ គេបានប្រកាសថា Aidil បានបាត់ខ្លួន។ ២៤ម៉ោងក្រោយមក ទើបសពត្រូវបានគេរកឃើញ។
សពរបស់ Aidil ត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំណែកក្រុមគ្រួសារសព មិនបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរទេ៕