អាមេរិក៖ យោងតាមប្រភព Fox News បានឱ្យដឹងថា មេធាវី Camile Vasque ដែលបានតវ៉ាក្តីឱ្យ Johnny Depp កាលពីពេលថ្មីៗនេះ ទទួលបានការឡើងតំណែងភ្លាម បន្ទាប់ពីនាងបានតវ៉ាក្តីឈ្នះភាគីខាង Amber Heard ដែលជាអតីតភរិយារបស់ Depp ពាក់ព័ន្ធនឹងបណ្តឹងបរិហារកេរ្តិ៍ដែលបានដំណើរការអស់រយៈពេល ៦សប្តាហ៍។
បន្ទាប់ពីបានតវ៉ាក្តីឱ្យតារាសម្តែងល្បីឈ្មោះ Johnny Depp ឈ្នះលើកនេះមក មេធាវីវ័យ ៣៧ឆ្នាំ Camile Vasque មិនត្រឹមតែបានឡើងតំណែងប៉ុណ្ណោះទេ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់នាង ក៏ថែមទាំងស្ទុះឡើងខ្លាំងគួរឱ្យកត់សម្គាល់ទៀតផង។ នេះសបញ្ជាក់ឱ្យឃើញថា សមត្ថភាពរបស់មេធាវីស្រីសញ្ជាតិអាមេរិករូបនេះ ពិតជាមិនធម្មតាឡើយ។
គួរបញ្ជាក់ដែរថា កន្លងមកធ្លាប់មានពាក្យចចាមអារ៉ាមខ្សឹបខ្សាវថា Johnny និងមេធាវី Camile Vasque ធ្លាប់ណាត់ជួបគ្នាដែលធ្វើឱ្យគ្រប់គ្នាយល់ថា ពួកគេមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយគ្នា។ ទោះជាយ៉ាងណា ក្រោយមកទើបដឹងការពិតថា ទាំងនេះគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ បន្ទាប់ពី Camile Vasque បានបង្ហាញខ្លួនជាមួយមិត្តប្រុសនៅទីសាធារណៈ ដែលបានស្រាយចម្ងល់ដល់គ្រប់គ្នាផងដែរ៕
មិត្តប្រុសមេធាវី Camile Vasque