ហ្វីលីពីន៖ វីដេអូអ្នកធ្វើដំណើរជាច្រើន កំពុងរង់ចាំរថយន្តក្រុងសាធារណៈ នៅតាមដងវិថីសំខាន់នៅក្រុងម៉ានីល បានបង្កការភ្ញាក់ផ្អើលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយពលរដ្ឋហ្វីលីពីន បានកាត់បន្ថយការប្រើប្រាស់យានជំនិះផ្ទាល់ខ្លួន ដើម្បីងាកមកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ ចំពេលតម្លៃប្រេងឥន្ធនៈឡើងថ្លៃយ៉ាងខ្លាំង។
ឃ្លីបវីដេអូលើហ្វេសប៊ុក Commuters of the Philippines បានបង្ហាញពីហ្វូងអ្នកដំណើរនៅលើផ្លូវធំ នៅកណ្ដាលក្រុងម៉ានីល កំពុងព្យាយាមដណ្ដើមគ្នាឡើងជិះរថយន្តក្រុង ដោយសាររថយន្តក្រុងមានតិចជាងមុន ដោយសារវិបត្តិតម្លៃប្រេង។
តម្លៃប្រេងឥន្ធនៈ បានកើនឡើងនៅសប្តាហ៍នេះ។ សាំងបានឡើងដល់ ១,៨៥ ដុល្លារក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតឡើងដល់ ១,៨៨ ដុល្លារក្នុងមួយលីត្រ។
ប្រទេសហ្វីលីពីន បានបញ្ចេញថវិកា ៥៦,៧៨លានដុល្លារអាមេរិក សម្រាប់កម្មវិធីបញ្ចុះតម្លៃប្រេងឥន្ធនៈ និងកម្មវិធីផ្ដល់ជំនួយ ដោយអ្នកបើកបរម្នាក់ ទទួលបាន ១២៣ ដុល្លារអាមេរិក ក្នុងនោះមានអ្នកបើកបរសេវាដឹកជញ្ជូនសាធារណៈ ក៏ដូចជាការជិះតាក់ស៊ី និង សេវាកម្មដឹកជញ្ជូនផ្សេងៗ៕