កូរ៉េខាងត្បូង៖ កន្លងចោមផ្កា គឺជារឿងភាគកូរ៉េដែលយកនាំលំនាំតាមរឿងតៃវ៉ាន់ F4 ដែលបានធ្វើឱ្យទស្សនិកជនលាន់មាត់សរសើរពីសាច់រឿង ក៏ដូចជាការសម្តែងរបស់តួអង្គនីមួយៗជាខ្លាំង។ យ៉ាងណាមិញ កន្លងទៅអស់រយៈពេល ១៤ឆ្នាំមកនេះ តួអង្គនីមួយៗនៅតែជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រ ដោយពួកគេនៅតែចង់ដឹងពីជីវិតឯកជនរបស់ពួកគេនាពេលបច្ចុប្បន្នផងដែរ៖
១. Lee Min Ho៖ តារាដែលមានសន្ទុះប្រជាប្រិយភាពរូបនេះសម្តែងជាតួអង្គ Goo Joon Pyo និងជាតួអង្គដែលទាក់បេះដូងនារីៗមិនតិចឡើយ ដោយសារជាកូនសេដ្ឋីលំដាប់ប្រទេស ថែមទាំងមានរូបរាងសង្ហាទៀតផង។ បន្ទាប់ពីបានសម្តែងក្នុងរឿង កន្លង់ចោមផ្កា រួចមកតារាប្រុសរូបនេះនៅតែបន្តអាជីពរបស់ខ្លួនសម្តែងរឿងថ្មីៗជាបន្តបន្ទាប់មានដូចជា City Hunter, Personal Taste, Faith, Heirs និង The Legend of the Blue Sea។
២. Kim Hyun Joong៖ អតីតសមាជិករបស់ក្រុម SS501 រូបនេះទទួលបានជោគជ័យក្នុងអាជីពជាតារាចម្រៀងឯករាជមួយរូប ក្រៅពីច្រៀងហើយលោកក៏បានចូលរួមសម្តែងក្នុងភាពយន្តមួយចំនួនផងដែរមានដូចជា Playful Kiss, Inspiring, Generation និង Barefoot Friend។ បើទោះជារឿងទាំងនេះមិនមានការគាំទ្រខ្លាំងនៅក្នុងប្រទេសក្តី ប៉ុន្តែសម្រាប់រឿង Playful Kiss ទទួលបានការគាំទ្រខ្លាំងនៅប្រទេសជប៉ុនដែលធ្វើឱ្យតារាប្រុសរូបនេះមានប្រជាប្រិយភាពមិនធម្មតានៅប្រទសជប៉ុនទាំងចម្រៀង និងការសម្តែងភាពយន្ត។
៣. Kim Bum៖ ចំណែកឯតារាប្រុសដែលសម្តែងជាតួអង្គ So Yi Jong រូបនេះក៏មិនខុសពី Kim Hyun Joong ដែរ ដោយលោកជាតារាចម្រៀងផង និងជាតារាសម្តែងផង។ ហើយការប្រគំតន្ត្រីដែលធ្លាប់ធ្វើឡើងនៅប្រទេសជប៉ុនក៏ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។ ទន្ទឹមនឹងនោះលោកក៏បានចូលរួមសម្តែងក្នុងភាពយន្តមួយចំនួនផងដែរមានដូចជា Dream, The Woman Who Still Wants to Marry, The Winter, The Wind Blow និង Goddess of Fire។
៤. Kim Joon៖ តារាប្រុសរូបនេះគឺជាតារាចម្រៀង ជាតារារ៉េប និងជាតារាសម្តែង ដែលដំបូងឡើយលោកមានក្រុមរបស់ខ្លួនឈ្មោះ T-Max ដែលបានចាប់ផ្តើមកាលពីឆ្នាំ ២០០៧។ រហូតមកដល់ឆ្នាំ ២០១១ ក្រុម T-Max ត្រូវបានរំសាយ ក្រោយមកលោកក៏បានចូលខ្លួនមកធ្វើជាតារាសម្តែងវិញម្តង។ យោងតាមព័ត៌មានធ្លាប់ចុះផ្សាយកន្លងមក Kim Joon បានរៀបការជាមួយមិត្តស្រីរបស់ខ្លួនកាលពីឆ្នាំ២០១៥ស្ងាត់ៗ ថែមទាំងទទួលបានកូនប្រុសម្នាក់ដ៏គួរឱ្យក្នាញ់ផងដែរ។
៥. Goo Hye Sun៖ តួឯកស្រីសម្តែងជាតួ Geum Jan Di រូបនេះវិញមិនត្រឹមតែមានទេពកោសល្យក្នុងការសម្តែងប៉ុណ្ណោះទេ តែនាងក៏មានជំនាញសិល្បៈជាច្រើនទៀតផងដែរដូចជា និពន្ធបទចម្រៀង និពន្ធសៀវភៅ ផលិតភាពយន្ត និងធ្វើជាអ្នកដឹកនាំរឿងដោយផ្ទាល់ផងដែរ។ អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ ក្នុងឆ្នាំ ២០១១ Goo Hye Sun បានបង្កើតក្រុមហ៊ុនផលិតភាពយន្តផ្ទាល់ខ្លួនដោយរឿងដំបូងដែលបានចាក់ផ្សាយនោះគឺរឿង The Peach Tree។ នៅឆ្នាំ២០១៦ តារាស្រីរូបនេះបានរៀបការជាមួយនឹងតារាសម្តែងប្រុស Ahn Jae Hyun ប៉ុន្តែត្រូវបានលែងលះគ្នាវិញនៅឆ្នាំ២០២០៕