×

ផ្លែល្ពៅ​មាន​ប្រយោជន៍​ដល់​បេះដូង ភ្នែក និងស្បែក

ល្ពៅគឺជាបន្លែមួយប្រភេទអាចយកទៅធ្វើម្ហូប ស៊ុប ឬបង្អែម។ ផ្លែល្ពៅសំបូរដោយសារធាតុចិញ្ចឹមដូចជាពពួកវីតាមីន និងរ៉ែផ្សេងៗមានដូចជាវីតាមីន A វីតាមីន C វីតាមីន E riboflavin ប៉ូតាស្យូម ស្ពាន់ manganese thiamin វីតាមីន B6 folate អាស៊ីតpantothenic niacin ជាតិដែក ម៉ាញ៉េស្យូម និងផូស្វ័រ។
ផ្លែល្ពៅមានប្រយោជន៍ច្រើន និងជាប្រភពដ៏ល្អនៃសារធាតុ beta-carotene។ សារធាតុ beta-carotene គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មមាននៅក្នុងបន្លែពណ៌ទឹកក្រូច ហើយរាងកាយនឹងបំលែងសារធាតុនេះទៅជាវីតាមីន A។

ជំងឺបេះដូង
ញ៉ាំល្ពៅគឺល្អសម្រាប់បេះដូងព្រោះជាតិសរសៃ ប៉ូតាស្យូម និងវីតាមីន C ក្នុងល្ពៅសុទ្ធតែជួយទ្រទ្រង់ដល់សុខភាពបេះដូង។ ការសិក្សាទៅលើមនុស្ស២ ៧២២នាក់បានរកឃើញថាការទទួលបានប៉ូតាស្យូមគ្រប់គ្រាន់គឺសំខាន់ដូចជាការបន្ថយការញ៉ាំសូដ្យូមក្នុងការព្យាបាលសម្ពាធឈាមខ្ពស់។ សម្ពាធឈាមខ្ពស់គឺកត្តាហានិភ័យនៃជំងឺបេះដូង។
វិទ្យាស្ថានជាតិសុខាភិបាលនៅ Maryland បានលើកឡើងថាការញ៉ាំប៉ូតាស្យូមច្រើនអាចកាត់បន្ថយហានិភ័យជំងឺបេះដូង។

ជំងឺមហារីក
ការសិក្សាឆ្នាំ២០១៦បានឲ្យដឹងពីទំនាក់ទំនងរវាងរបបអាហារដែលសំបូរដោយ beta-carotene និងការទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីកក្រពេញប្រូស្តាត។ ការសិក្សា២០១៤ក៏បានបង្ហាញថាសារធាតុ beta-carotene ពន្យឺតការលូតលាស់នៃមហារីកពោះវៀនធំផងដែរ។

ជំងឺទឹកនោមផ្អែម
ការបញ្ចូលផ្លែល្ពៅទៅក្នុងរបបអាហារអាចជួយគ្រប់គ្រងស្ថានភាពទឹកនោមផ្អែម និងកម្រិតជាតិស្ករក្នុងឈាម។ ការសិក្សាឆ្នាំ២០១៩បានបង្ហាញពីការរួមបញ្ចូលនៃសមាសធាតុរុក្ខជាតិពីរ ដែលក្នុងនោះមួយគឺសារធាតុ polysaccharides ក្នុងផ្លែល្ពៅបានបញ្ចុះកម្រិតជាតិស្ករក្នុងឈាមនៅក្នុងសត្វកណ្តុរ។ ទោះបីជាការសិក្សានេះមិនបានសិក្សាទៅលើមនុស្ស ប៉ុន្តែក៏អាចបង្ហាញពីសក្ដានុពលក្នុងការរឹតត្បិតជំងឺទឹកនោមផ្អែមប្រភេទ២ដែរ។

បញ្ហាភ្នែកដោយកត្តាអាយុ
ផ្លែល្ពៅមានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនដូចជាវីតាមីន C E និងbeta-carotene ដែលជួយទ្រទ្រង់សុខភាពភ្នែក និងបង្ការការខូចខាតនៅពេលចាស់ទៅ។ លទ្ធផលការសិក្សាឆ្នាំ២០១៩ធ្វើឡើងដោយ National Eye Institute បានបង្ហាញថាការទទួលបានវីតាមីន C E និងbeta-caroteneក្នុងកម្រិតខ្ពស់អាចកាត់បន្ថយហានិភ័យបញ្ហាភ្នែកដោយកត្តាអាយុ (age-related macular degeneration)។

សុខភាពស្បែក
ដោយសារផ្លែល្ពៅសំបូរដោយសារធាតុ beta-carotene រាងកាយអាចបំលែងទៅជាវីតាមីន A។ ការសិក្សាបានរកឃើញថាសារធាតុ beta-carotene អាចដើរតួជារបាំងការពារកម្ដៅថ្ងៃ។ ផ្លែល្ពៅក៏សំបូរដោយវីតាមីន C ដែលសំខាន់សម្រាប់ស្បែក ព្រោះរាងកាយត្រូវការវីតាមីននេះដើម្បីផលិតខូឡាជេន។ ខូឡាជេនជាប្រូតេអ៊ីនជួយឱ្យស្បែកមានសុខភាពល្អ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង