
ហុងកុង៖ Sonija Kwok បានសាងស្នាដៃក្នុងភាពយន្តជាច្រើនឱ្យប៉ុស្ថិ៍ទូរទស្សន៍ TVB អស់រយៈពេលជាច្រើនឆ្នាំមិនថារឿងបុរាណ ឬ សម័យឡើយ។ យ៉ាងណាមិញ បន្ទាប់ពីបញ្ចប់កុងត្រាជាមួយ TVB រួចមក Sonija ក៏បានបញ្ឈប់ការសម្តែងភាពយន្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ ទើបតែថ្មីៗនេះប៉ុណ្ណោះដែលតារាស្រីវ័យ ៤៧ឆ្នាំរូបនេះ បានទទួលថតខ្សែភាពយន្តខ្នាតតូចមួយឱ្យប៉ុស្ថិ៍ទូរទស្សន៍ Viu។

បន្ទាប់ពីផ្តល់បទសម្ភាសន៍នៃការត្រលប់មកប្រលូកក្នុងការសម្តែងនេះ Sonija ក៏បានឆ្លៀតរំឭកដល់អតីតកាលនៃការចូលប្រកួតបវរកញ្ញាកាលពីអំលុងឆ្នាំ១៩៩៩ ដោយនាងបានបញ្ជាក់ថា ការដែលនាងសម្រេចចិត្តដាក់ពាក្យប្រកួតនោះដោយសារតែតារាសម្តែង Tang Chi Fung។

Sonija បានឱ្យដឹងថា មុនពេលចូលសិល្បៈ នាងធ្លាប់ធ្វើជាបាហុនិកា ដែលកាលណោះនាងបានជួបនឹងលោក Tang Chi Fung នៅលើយន្តហោះ ពេលនោះលោកបានសួរនាងថា ហេតុអ្វីនាងមិនដាក់ពាក្យប្រលងបវរកញ្ញា? ប្រសិនជានាងដាក់ពាក្យនោះ ខ្ញុំជឿថានាងប្រាកដជាឈ្នះមកុដបវរកញ្ញាមិនខាន។
គួរបញ្ជាក់ដែរថា ក្រៅពីតារាសម្តែង Tang Chi Fung ជំរុញហើយនោះ ក៏នៅមានមនុស្សជាច្រើននាក់ទៀតតែងជំរុញឱ្យនាងចូលរួមប្រកួតបវរកញ្ញាសម្អាងលើរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង សូម្បីតែពេលនាងទៅដាក់ពាក្យធ្វើជាប៉ូលិស ក៏មានប៉ូលិសស្រីនៅទីនោះសួរនាងដែរថា ហេតុអ្វីនាងមិនចូលរួមប្រកួតបវរកញ្ញា?
សរុបសេចក្តីមក បន្ទាប់ពីមានមនុស្សជាច្រើននាំគ្នាជំរុញ ថែមទាំងការលើកទឹកចិត្តពីតារាប្រុស Tang Chi Fung ទីបំផុត Sonija ក៏សម្រេចចិត្តដាក់ពាក្យប្រកួត និងទីបំផុតនាងពិតជាដណ្តើមបានមកុដបវរកញ្ញាកាលពីឆ្នាំ ១៩៩៩ ដោយផ្អែកលើរូបសម្រស់ ចំណេះដឹង ស្នាមញញឹមដ៏ស្រស់ និងភាពឆ្លាតវៃរបស់នាងផងដែរ៕

រូបភាពរបស់តារា Sonija Kwok និង Tang Chi Fung