×

ក្មេងប្រុសជន​ជាតិ​ឥណ្ឌា​ម្នាក់​ធ្លាក់​ចូលក្នុង​អណ្តូងទឹក​អស់រយៈ​៥ថ្ងៃ​ក្នុង​ជម្រៅ​ជាង១៨ម៉ែត្រ ត្រូវបាន​ជួយសង្គ្រោះ

ឥណ្ឌា៖ កាលពីថ្ងៃពុធ ទី១៥ ខែមិថុនា ក្រុមការងារជួយសង្គ្រោះនៅឯភាគកណ្តាលប្រទេសឥណ្ឌា បានជួយសង្គ្រោះក្មេងប្រុសម្នាក់ អាយុ ១០ឆ្នាំ ដោយបានទាញយកចេញពីអណ្តូងទឹកមួយកន្លែង ក្រោយពីក្មេងប្រុសរូបនេះបានធ្លាក់ចូលទៅក្នុងអណ្តូងទឹកអស់រយៈពេលប្រហែលជា ៥ថ្ងៃ។

អាជ្ញាធរបានកំណត់អត្តសញ្ញាណថា ក្មេងប្រុសរូបនេះមានឈ្មោះ រ៉ាហ៊ុល សាហ៊ូ (Rahul Sahu) បានធ្លាក់ចូលទៅក្នុងអណ្តូងទឹកដែលមានជម្រៅប្រមាណជា ១៨,២ ម៉ែត្រ តាំងតែពីថ្ងៃសុក្រ ទី១០ ខែមិថុនា នៅក្នុងភូមិដែលក្មេងប្រុសរូបនេះរស់នៅ ក្នុងទីប្រជុំជន ចាងជៀរ (Janjgir)។ ក្មេងប្រុស សាហ៊ូ ត្រូវបានផ្តល់ជំនួយតាមរយៈការផ្តល់បំពង់អុកស៊ីសែនក្នុងអំឡុងប្រតិបត្តិការនៃការជួយសង្គ្រោះពីក្រុមការងារ។

បើតាមការបញ្ជាក់ពីអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា ក្មេងប្រុស សាហ៊ូ បានទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យមួយកន្លែង ហើយមិនមានអាការព្រួយបារម្ភណាមួយចំពោះរូបគេទេ ហើយក្មេងប្រុសរូបនេះ នឹងបានប្រសើរឡើងវិញនាពេលឆាប់ៗខាងមុខ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង