ភ្នំពេញ៖ ជឿថាមហាជនជាច្រើនប្រាកដជាបានដឹងហើយថា មួយរយៈនេះ បេក្ខនារីដែលបានចូលរួមប្រកួតបវរកញ្ញាចក្រវាល សុគន្ធ ចរិយា បានផ្ទុះរឿងដណ្តើមប្តីគេ និងមានកូនផងនោះកំពុងល្បីសុះសាយពេញបណ្តាញសង្គមរហូតនាងបានធ្វើការបកស្រាយទឹកទាំភ្នែកទឹកសម្បោរ បន្ទាប់ពីមានបុរសម្នាក់អះអាងថា លោកគឺជាស្វាមីរបស់បេក្ខនារី សុគន្ធ ចរិយា។
ខណៈពេលកំពុងហាត់សមការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីប៉ុន្មានថ្ងៃមុន លោកបានទៅរកបេក្ខនារី សុគន្ធ ចរិយា ពាក់ស្លាក MUC7 ដល់កន្លែងដើម្បីឱ្យនាងដោះស្រាយបញ្ហាដែលនាង និងបុរសជាគូស្នេហ៍ថ្មីបានផ្សំគំនិតគ្នាយករថយន្តរបស់លោកទៅលក់។
ក្រោយផ្ទុះបញ្ហាមួយនេះរឿង សុគណ្ធ ចរិយា បានចេញមុខបកស្រាយទាំងទឹកភ្នែកថា បុរសរូបនោះបានបោកប្រាស់នាងដោយកុហកថា លោកបានលែងលះជាមួយនឹងភរិយាមុនដាច់ស្រលះហើយ ប៉ុន្តែនៅពេលដែលនាងដឹងថា នេះគ្រាន់តែជាពាក្យកុហកនាងក៏ដើរចេញពីទំនាក់ទំនងមួយនេះ ទើបបានជារូបគេមិនសុខចិត្តទើបប្រឌិតរឿងដោយចោទប្រកាន់នាងគ្រប់សព្វសារពើ ខណៈពេលដែលការប្រកួតមិនទាន់ចប់។
យ៉ាងណាមិញ បន្ទាប់ពីមានបញ្ហាហើយ អតីតភរិយាបុរសដែលចោទប្រកាន់បេក្ខនារី សុគន្ធ ចរិយា ថាបានលួចរថយន្តរបស់លោកទៅលក់នោះ ក៏បានផ្តល់បទសម្ភាសជាច្រើនពីភាពឈឺចាប់ដែលបានឆ្លងកាត់កន្លងមកធ្វើឱ្យមហាជននឹកអាណិតស្ត្រីជាអតីតភរិយារូបនោះជាខ្លាំងដល់ថ្នាក់សូម្បីតែតារាសម្តែង គឹម លីហ្សា ក៏បានចូលរួមមតិរបស់ខ្លួននៅលើហ្វេសបុកផេករបស់ខ្លួនបែបនេះថា៖
“មុនប្រលងអូនដូចកូនទន្សាយ គ្រាន់តែចប់វគ្គផ្តាច់ព្រាត់អូនដូចកូនខ្លា អានឹងអូនទើបជាដុងសិល្បៈពិតប្រាកដ បត់បែនបានគ្រប់ទម្រង់ ដំបូងស្មានថាតួឯកចែខំអាណិត ដល់តែចេញជនរងគ្រោះពិតប្រាកដមកចែអស់ចិត្ត ៨០% ដល់តែតួឯកក្លាយជាតួខ្មើតមកទៀត ចែធ្លាក់ថ្លើមក្តុកហ្មង prank ចាហាវហ្មង”។
គ្រាន់តែការចែករំលែកមួយនេះបានផុសឡើងភ្លាម អ្នកនិយមលេងបណ្តាញសង្គមជាច្រើនបាននាំគ្នាចូលរួមផ្តល់មតិ និងចែករំលែកតគ្នាជាច្រើនដែលរឿងមួយនេះកំពុងក្លាយជាទីចាប់អារម្មណ៍នាំគ្នាជជែកវែកញែកនៅក្នុងបណ្តាញសង្គមយ៉ាងពេញទំហឹង៕
(ទស្សនាវីដេអូ)