កូរ៉េខាងត្បូង៖ BTS បានបង្កើតការញ៉ាំអាហារពេលល្ងាចជុំគ្នាជាមួយក្រុមកាលពីពេលថ្មីនេះដើម្បីអបអរគម្រប់ខួប ៩ឆ្នាំនៃការបង្កើតក្រុម BTS ឡើងដែលខណៈពេលនោះដែរ ក្រុមតារាប្រុសដ៏ល្បីនេះក៏បានប្រកាសដំណឹងមួយដល់អ្នកគាំទ្របានដឹងថា ពួកគេនឹងត្រូវ “ផ្អាក” ដើម្បីចេញអាល់ប៊ុមបទចម្រៀងទោល។
តាមរយៈពាក្យមួយម៉ាត់ថា “ផ្អាក” នេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើននាំគ្នាសន្មតថា គម្រប់ខួប ៩ឆ្នាំនៃអាហារពេលល្ងាចនេះក៏ជាថ្ងៃដែលក្រុមពួកគេនឹងត្រូវរំសាយផងដែរ។ ដោយឃើញថា ពាក្យចចាមអារ៉ាមមួយនេះកាន់តែរីកសុះសាយខ្លាំងឡើង នាយកប្រតិបត្តិលោក Park Jiwon បានចេញអ៊ីម៊ែលជាផ្លូវការមួយបញ្ជាក់ថា ក្រុម BTS មិនមានគម្រោងនឹងរំសាយដូចពាក្យចចាមអារ៉ាមកំពុងនាំគ្នាខ្សឹបខ្សាវឡើយ ពោលខាងក្រុមហ៊ុននឹងបង្កើតជាអាល់ប៊ុមបទចម្រៀងទោលសម្រាប់ពួកគេវិញម្តង។
លោកបានបន្ថែមថា គម្រោងនៃការរៀបចំការងារសម្រាប់ពួកគេកំពុងចាត់ចែងទៅតាមការគ្រោងទុក និងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ។ ការធ្វើបែបនេះគឺដើម្បីបញ្ចេញអាល់ប៊ុមចម្រៀងទោលសម្រាប់ពួកគេផង និងជាចំនុចល្អដែលសមាជិកក្រុមអាចមានពេលសម្រាកជាឯកជនភាពរបស់ពួកគេផង។
ការប្រកាសជាផ្លូវការនេះ បានធ្វើឱ្យអ្នកគាំទ្រក្រុម BTS ធូរចិត្តដោយគ្រប់គ្នាពិតជាមិនចង់ឃើញការរំសាយក្រុមរបស់ក្រុមតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពនេះឡើយ។ គួរបញ្ជាក់ដែរថា កន្លងមក BTS បានសម្រាកអស់មួយរយៈពេលធំរួមមកហើយដោយមិនមានសកម្មភាពអ្វីទាំងអស់បន្ទាប់ពីបទចម្រៀង Butter ចេញរួចរាល់៕