×

“ស៊ាំថ្នាំផ្សះ” ឆក់ជីវិត​រាប់លាននាក់​ហើយ​ភាគច្រើន​ជាក្មេង

ករណីអ្នកជំងឺស្លាប់បាត់បង់ជីវិតដោយសារបាក់តេរីស៊ាំជាមួយថ្នាំផ្សះបានសម្លាប់មនុស្សច្រើនជាងជំងឺគ្រុនចាញ់និងជំងឺអេដស៍ទៅទៀត ហើយជនរងគ្រោះភាគច្រើននៅបណ្ដាប្រទេសក្រីក្រ ហើយអ្នកទាំងនោះសឹងតែទាំងអស់អាយុមិនទាន់បាន ៥ឆ្នាំទេ។

របាយការណ៍ពីក្រុមអ្នកស្រាវជ្រាវ ២០៤ប្រទេសដឹកនាំដោយសាកលវិទ្យាល័យវ៉ាស៊ីនតោន សម្ដែងក្ដីបារម្ភចំពោះការព្យាបាលជំងឺណាមួយដោយថ្នាំផ្សះ តែបែរជាបាក់តេរីស៊ាំជាមួយថ្នាំបង្កផលវិបាក និងជំងឺផ្សេងៗមកសម្លាប់អ្នកជំងឺទៅវិញ។

ក្រុមអ្នកស្រាវជ្រាវក្រោយពីប្រមូលទិន្នន័យ និងរបាយការណ៍ជនរងគ្រោះទាំងអស់ពីមន្ទីរពេទ្យ ការសិក្សាបន្ថែម និងប្រព័ន្ធពាក់ព័ន្ធបានសន្និដ្ឋានថា ក្មេងជាក្រុមងាយរងគ្រោះបំផុត ឬ ២០% សុទ្ធតែជាប់ពាក់ព័ន្ធទៅនឹងបញ្ហាបាក់តេរីស៊ាំជាមួយថ្នាំផ្សះ (AMR) ដែលអ្នកទាំងនោះសុទ្ធតែអាយុក្រោម ៥ឆ្នាំ។

ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់ដោយសារជំងឺ ៥លាននាក់ កាលពី ២០១៩ ករណីបាក់តេរីស៊ាំជាមួយថ្នាំផ្សះ ឬហៅថា AMR ឈរនៅលេខរៀងទី១ មានចំនួន៖
o បាក់តេរីស៊ាំជាមួយថ្នាំផ្សះ (AMR) ១,២លាននាក់
o ជំងឺអេដស៍ ៨៦ម៉ឺននាក់
o ជំងឺគ្រុនចាញ់ ៦៤ម៉ឺននាក់។

ជនរងគ្រោះប្រឈមគ្រោះថ្នាក់ពីការប្រើប្រាស់ថ្នាំផ្សះច្រើនលើសកម្រិតដើម្បីទប់ទល់នឹងជំងឺ ទប់ទល់នឹងការឆ្លង បែរជាជះផលអវិជ្ជមាន ថ្នាំអស់ប្រសិទ្ធភាពចំពោះប្រភេទជំងឺឆ្លងកម្រិតធ្ងន់មួយចំនួន។ ផ្ទុយទៅវិញការប្រើប្រាស់ថ្នាំផ្សះទាំងនោះ បែរជាឃាតកសម្លាប់អ្នកជំងឺដោយស្ងប់ស្ងាត់បំផុតទៅវិញ។

អ្នកស្លាប់បាត់បង់ជីវិតដោយសារ AMR ភាគច្រើនបណ្ដាលមកពីការឆ្លងជំងឺប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងក្រោមរលាកសួត និងការបង្ករោគក្នុងឈាម។ បើឆ្លងបាក់តេរីប្រភេទ MRSA (methicillin-resistant Staphylococcus aureus) អ្នកជំងឺភាគច្រើនមិនរស់ទេ។ រីឯបាក់តេរី E. coli, និងប៉ុន្មានមុខផ្សេងទៀតសុទ្ធតែពាក់ព័ន្ធទៅការស៊ាំថ្នាំផ្សះកម្រិតខ្ពស់។

លោកសាស្ត្រាចារ្យ Chris Murray ប្រចាំសាកលវិទ្យាល័យវ៉ាស៊ីនតោនបញ្ជាក់ថា ទិន្នន័យថ្មីៗបានបង្ហាញយ៉ាងច្បាស់ពីកម្រិតភាពស៊ាំបាក់តេរីជាមួយថ្នាំផ្សះជាសាកលគួរឱ្យបារម្ភបំផុត ហើយទាមទារការយកចិត្តទុកដាក់និងចាត់វិធានការបន្ទាន់។ លោកសម្ដែងការព្រួយបារម្ភថា “យើងចង់ចែកឱ្យដាច់បញ្ហានេះ ទោះកម្រិតភាពស៊ាំបាក់តេរីជាមួយថ្នាំផ្សះបានសន្ទុះលឿននិងគួរឱ្យព្រួយភ័យក៏ដោយ”។
ឯអ្នកវិទ្យាសាស្ត្រច្រើនទៀតលើកឡើងថា គួរយកចិត្តទុកដាក់ខ្ពស់លើកម្រិតនៃការប្រើប្រាស់ថ្នាំ ផ្សះនៅតាមតំបន់ និងប្រទេសនានា ឯកញ្ចប់ចំណាយចំពោះបញ្ហា AMR នេះ ក៏កើនធំជាងមុនដែរ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង