×

មនី្ទរពេទ្យ​ហ្លួងម៉ែ បន្ទាប់ពី​បាន​ដើរតួនាទី​យ៉ាងសំខាន់​ជាកន្លែង​ព្យាបាល​អ្នកជំងឺ​កូវីដ-១៩ ត្រូវបាន​រៀបចំ ដើម្បី​ក្លាយជា​មនី្ទរពេទ្យ​ព្យាបាល​ជំងឺ​មហារីក

ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល សហការជាមួយផ្នែកពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមនី្ទរពេទ្យហ្លួងម៉ែ នាព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២នេះ ដែលមានទីតាំងស្ថិត ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីរៀបចំឲ្យក្លាយជាមនី្ទរពេទ្យព្យាបាលជំងឺមហារីក។

ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍ថា ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រសួងសុខាភិបាល សហការជាមួយផ្នែកពាក់ព័ន្ធ ដើម្បីរៀបចំមនី្ទរពេទ្យហ្លួងម៉ែ ឲ្យក្លាយជាមនី្ទរពេទ្យ ព្យាបាលជំងឺមហារីក។ ដូច្នេះហើយទើបព្រឹកនេះថ្នាក់ដឹកនាំ ចុះពិនិត្យ និងវាយតម្លៃ នូវសម្ភារបរិក្ខារពេទ្យ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ដែលអាចប្រើបា្រស់បាន និងអ្វីដែលក្រសួងត្រូវបំពេញបន្ថែម និងធ្វើផែនការមេ ដើម្បីធ្វើឲ្យសម្រេចបាននូវមនី្ទរពេទ្យហ្លួងម៉ែនេះ ក្លាយជាមនី្ទរពេទ្យព្យាបាលជំងឺមហារីក ក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ទៀតថា ក្រុមការងារបច្ចេកទេសនឹងពន្លឿនដំណើរការនៃការរៀបចំមនី្ទរពេទ្យនេះឲ្យបានលឿនតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រី្ត ដើម្បីផ្តល់សេវាព្យាបាលជំងឺមហារីកជូនប្រជាពលរដ្ឋ ដំណាក់កាលដំបូង ដូចជាការថែទាំប្រើជាតិគីមី និងការវះកាត់តូច និងពង្រីកជាបន្តបន្ទាប់ទៀត ដោយបន្ថែមម៉ាស៊ីនកាន់តែទំនើបៗ ដើម្បីធ្វើឲ្យការព្យាបាលជំងឺមហារីក កាន់តែខ្ពស់ និងមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏មានផែនការច្បាស់លាស់ ក្នុងការសាងសង់មនី្ទរពេទ្យ និងមណ្ឌលសុខភាព តាមបណ្តាខេត្តនានា ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស ព្រោះថាឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត ជារឿងមួយដោយឡែក។ ដូច្នេះសំខាន់បំផុត គឺមានធនធានមនុស្សដែលមានចំណេះចេះប្រើ ហើយទើបយើងយកឧបករណ៍បរិក្ខារវេជ្ជសាស្រ្តមកដាក់ឲ្យដំណើរការ ជួនកាលយើងមានឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត ប៉ុន្តែខ្វះធនធានមនុស្សដែលចេះប្រើប្រាស់ គឺយកមកទុកអត់ប្រយោជន៍។ ហេតុនេះហើយ ត្រូវធ្វើការបណ្តុះបណ្តាលធនធានមនុស្សជាមុនដែលចេះប្រាកដប្រជា ដើម្បីឲ្យផែនការយុទ្ធសាស្ត្រក្នុងការដំណើរការព្យាបាលមហារីកនៅមន្ទីរពេទ្យហ្លួងម៉ែមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ៖ គង់ វណ្ណៈ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង