ឥណ្ឌា៖ យ៉ាងហោចណាស់មនុស្ស ចំនួន ៥៩នាក់បានស្លាប់ នៅក្នុងការវាយប្រហារដោយរន្ទះ និងការបាក់ដី ដែលបង្កឡើងដោយព្យុះមូសុងយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសឥណ្ឌា និងបង់ក្លាដែស។
មនុស្សរាប់លាននាក់ ត្រូវបានជាប់គាំងនៅក្នុងផ្ទះ ខណៈដែលបុគ្គលិកសង្គ្រោះបន្ទាន់ បានព្យាយាមដើម្បីទៅដល់អ្នកដែលរងផលប៉ះពាល់។ អាជ្ញាធរ បានព្រមានថា ទឹកជំនន់ត្រូវបានគេរំពឹងថានឹងកាន់តែអាក្រក់ទៅៗក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
មន្ត្រីរដ្ឋាភិបាលបង់ក្លាដែស បានពណ៌នាទឹកជំនន់នាពេលថ្មីៗនេះថា ជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតរបស់ប្រទេសចាប់តាំងពីឆ្នាំ២០០៤។ ភ្លៀងធ្លាក់ឥតឈប់ឈរក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ បានធ្វើឱ្យជន់លិចយ៉ាងធ្ងន់ធ្ងរនៅតំបន់ភាគខាងជើងឆៀងខាងកើតរបស់ប្រទេសនេះ ដោយសារជំនន់បានហូរមកពីប្រទេសឥណ្ឌា។
សាលារៀន ត្រូវបានប្រើសម្រាប់ធ្វើជាជម្រកបណ្តោះអាសន្ន ហើយកងទ័ពត្រូវបានដាក់ពង្រាយដើម្បីជម្លៀសគ្រួសារដែលត្រូវបានកាត់ផ្តាច់ចេញពីសហគមន៍ ដោយសារតែទឹកជំនន់។
នៅរដ្ឋ Assam ក្នុងប្រទេសឥណ្ឌា មនុស្សជាង ១,៨លាននាក់ បានរងផលប៉ះពាល់ដោយទឹកជំនន់ បន្ទាប់ពីភ្លៀងធ្លាក់ឥតឈប់ឈររយៈពេល ៧ថ្ងៃ៕