×

ខំគិតថា​ធ្វើជា​តារា Kpop សប្បាយ តែ​អ្វីៗគ្រប់យ៉ាង​ខុសពី​អ្វី​ដែល Rose បាន​រំពឹងទុក​ទាំងស្រុង

កូរ៉េខាងត្បូង៖ ការសម្ភាសជាមួយនឹង Vogue Australia’s Youtube Channel កាលពីពេលថ្មីៗនេះ អ្នកដឹកនាំ Baz Luhrmann បានសម្ភាសន៍តារាចម្រៀងស្រីវ័យក្មេង Rose សមាជិកក្រុម BLACKPINK ទាក់ទងជាមួយបទពិសោធនៃដំណើរជីវិតលើវិថីសិល្បៈដែលនាងបានសាងប៉ុន្មានឆ្នាំមកនេះ បានយ៉ាងជោគជ័យខណៈខំហោះពីប្រទេសអូស្ត្រាលីមកកាន់ទឹកដីកូរ៉េខាងត្បូងដើម្បីដើរតាមក្តីស្រមៃ។

Rose បានរំឭកឱ្យដឹងថា ដោយសារឧស្សាហ៍មើលបទចម្រៀង Kpop ជាច្រើនកន្លងមក ទើបធ្វើឱ្យនាងយល់ថា ជាតារា Kpop មើលទៅពិតជាសប្បាយ ដូចនេះហើយទើបនាង បានដាក់ពាក្យធ្វើជាអ្នកហ្វឹកហាត់ បើទោះជាមិនដឹងពីប្រព័ន្ធនៃការហ្វឹកហាត់នោះយ៉ាងណាក៏ដោយ។

មិនត្រឹមតែប៉ុណ្ណោះ ក៏មានមនុស្សជាច្រើនធ្លាប់បានប្រាប់នាងច្រើនលើកច្រើនសាថា ធ្វើជាតារា Kpop មិនស្រួលដូចអ្វីដែលនាងគិតនោះឡើយ ការហ្វឹកហាត់មានភាពតឹងរ៉ឹង និងតាំងចិត្តខ្លាំងបំផុត មិនត្រឹមតែប៉ុណ្ណោះជីវិតនឹងមានភាពមមាញឹកខ្លាំងទៀតផង។

ពេលនោះ Rose មិនបានខ្វល់ឡើយដោយខំប្រឹងហោះពីអូស្ត្រាលីទៅកូរ៉េខាងត្បូង ដើម្បីដើរតាមក្តីស្រមៃរបស់ខ្លួនដែលចង់ក្លាយជាតារា Kpop។ អំឡុងពេលនៅជាអ្នកហ្វឹកហាត់នោះ បើទោះជាពិបាកខ្លាំងប៉ុណ្ណា Rose បានដាក់កំហិតខ្លួនឯងដាច់ខាតឱ្យខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ទោះជាមិនធ្លាប់រាំពីមុនក៏ដោយ ព្រោះប្រសិនជាធ្លាក់នាងនឹងត្រូវបញ្ជូនត្រលប់ទៅអូស្ត្រាលីវិញមិនខាន។

Rose បានបន្ថែមថា ដោយសារបានលាមិត្តភក្តិ និងនិយាយប្រាប់ពួកគេក្តែងៗថា នាងនឹងបញ្ចប់ការសិក្សា និងទៅចាប់ជំនាញផ្នែកតន្ត្រីដើម្បីធ្វើតារានៅកូរ៉េផងនោះ ទើបធ្វើឱ្យតារាស្រីរូបនេះខំប្រឹងហ្វឹកហាត់មិនហ៊ានសម្រាកឡើយ។ គួរបញ្ជាក់ថា ទោះបីជាជីវិតកាលនៅជាអ្នកហ្វឹកហាត់មានការលំបាកខ្លាំងប៉ុណ្ណាក៏ដោយ តែRose នៅតែបង្ហាញគំនិតវិជ្ជមានដែលជាបទពិសោធន៍ល្អបំផុតធ្វើឱ្យនាងបានសម្រេចនូវគោលបំណងផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង