អាហ្វហ្គានីស្ថាន៖ ថ្ងៃព្រហស្បតិ៍ទី ២៣ ខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ឱ្យដឹងថា អ្នកភូមិបានចូលរួមកាន់ទុក្ខដល់ជនរងគ្រោះដែលបានស្លាប់យ៉ាងតិចណាស់ក៏ជាង ១,០០០នាក់ ក្នុងគ្រោះមហន្តរាយរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រ កាលពីថ្ងៃពុធ ទី២២ ខែមិថុនា។ ចំណែកឯប្រជាជនដែលរស់នៅក្នុងភូមិដាច់ស្រយាលនានាក្នុងតំបន់ភ្នំ ប្រមាណជា ១,៥០០ នាក់រងរបួស ស្របពេលដែលអាជ្ញាធរកំពុងតែស្វែងរកចំនួនអ្នកស្លាប់ដែលកើនឡើងជាបន្តបន្ទាប់ពីក្នុងភូមិទាំងនេះ សាកសពខ្លះជាប់ក្នុងគំនរផ្ទះបាក់បែក ខ្លះទៀតកប់ចូលទៅក្នុងភក់។
តាមការអង្កេតតាមលក្ខណៈភូមិសាស្ត្រអាម៉េរិក (USGS) បានបញ្ជាក់ថា គ្រោះរញ្ជួយដីកាលពីថ្ងៃពុធ គឺជាគ្រោះមហន្តរាយរញ្ជួយដីបំផុតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បើរាប់តាំងពីឆ្នាំ ២០០២ មក។ គ្រោះមហន្តរាយរញ្ជួយដីនេះ បានវាយប្រហារក្នុងរយៈចម្ងាយប្រហែល ៤៤គីឡូម៉ែត្រ ពីទីក្រុង Khost ភាគអាគ្នេយ៍ ជាប់ព្រំព្រទល់ប្រទេសប៉ាគីស្ថាន។
អាជ្ញាធរតាលីបង់អ៊ីស្លាមនិយមជ្រុលឯណោះវិញ ក៏បានបន្ថែមកម្លំាងប្រតិបត្តិការជួយសង្គ្រោះដល់ជនរងគ្រោះក្នុងហេតុការណ៍គ្រោះរញ្ជួយដីនេះដែរ ក្នុងន័យបង្ហាញឱ្យឃើញពីកិច្ចការងារសាកល្បងដ៏លំបាកមួយក្នុងការជួយសង្គ្រោះប្រជាជន បន្ទាប់ពីអន្តរជាតិបានកាត់ផ្តាច់ជំនួយ ជាការដាក់ទណ្ឌកម្មក្រោយក្រុមអ៊ីស្លាមជ្រុលនិយមនេះបានបង្កសង្គ្រាមរយៈពេលពីរទសវត្សរ៍៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect