ហុងកុង៖ ដើម្បីរកប្រាក់ចំណូលបន្ថែមពីការសម្តែងភាពយន្តនៅហុងកុង តារាជើងចាស់ប្រចាំ TVB លោក Wayne Lai បានចំណាយពេលវេលារស់នៅប្រទេសចិនដោយសារឱកាសការងារនៅទីនោះមានអំណោយផលជាងនៅហុងកុង។ ទោះជាយ៉ាងណា តារាសម្តែងរូបនេះនៅតែជាតារាប្រចាំTVB ដដែលដោយលោកបានឡើងចុះហុងកុង-ចិន រាល់ពេលដែលមានការងារដែលត្រូវបំពេញ។
ជាក់ស្តែងដោយសារត្រូវថតភាពយន្ត Go With The Float ទើប Wayne Lai បានឡើងពីប្រទេសចិន មកហុងកុងដើម្បីថតរឿងមួយនេះ ហើយនៅពេលដែលថតចប់សព្វគ្រប់ហើយនោះ លោកក៏បានត្រលប់ទៅប្រទេសចិនវិញជាមួយនឹងវ៉ាលីធំៗចំនួន ៤ និងឈររង់ចាំឆ្លងកាត់កន្លែងគយរយៈពេល ៣ម៉ោងតែម្នាក់ មិនមានអ្នកចាត់ការចាំយួរឥវ៉ាន់ដូចតារាដទៃឡើយ។
គ្រាន់តែបានឃើញទិដ្ឋភាពបែបនេះរបស់ Wayne Lai ហើយ គ្រប់គ្នាបានកោតសរសើរតារាប្រុសរូបនេះជាខ្លាំង។ លោកបានបញ្ជាក់ថា ដំណើរទៅកាន់ប្រទេសចិនមិនមែនជារឿងងាយស្រួលឡើយ ព្រោះទម្រាំបានឆ្លងកាត់ពីមួយដំណាក់កាលទៅមួយដំណាក់កាលពិតជាពិបាក និងត្រូវរង់ចាំយូរ៕