×

ពេលកូន​ចាប់ផ្តើម​ចូលរៀន ដើម្បី​ឆាប់ចេះ ម៉ាក់ប៉ា​មិនត្រូវ​រំលង​រឿងប៉ុន្មាននេះ​ទេ

សម័យនេះ ម៉ាក់ប៉ាយកកូនទៅដាក់សាលារៀនតាំងពីអាយុ ៣-៤ ឆ្នាំម្ល៉េះ ដើម្បីឲ្យកូនមានគ្រឹះរឹងមាំតាំងពីតូច។ ពេលកូនចូលរៀនម៉ាក់ប៉ាប្រហែលជាគិតថា រាងធូរដៃបន្តិចហើយ តែមិនដូច្នោះទេ យើងមានភារកិច្ចជាច្រើនទៀត។ នាយិកាសាលាអន្តរជាតិ ខល័រឃីត អ្នកស្រី ភន ផាសុកា បានចែករំលែកនូវតិចនិកងាយៗដែលម៉ាក់ប៉ាត្រូវធ្វើ ពេលកូនចាប់ផ្តើមរៀន ឬចូលសាលារៀន។

១- អង្កេតទៅលើកូន
ឪពុកម្តាយខ្លះដាក់កូននៅសាលាពេញមួយថ្ងៃ ឯខ្លះទៀតដាក់កន្លះថ្ងៃ ទៅតាមលទ្ធភាពរបស់ខ្លួន តែទោះយ៉ាងណា យើងត្រូវចេះសង្កេតកូនបន្ទាប់ពីចេញពីសាលាវិញ តើមានការប្រែប្រួលអីខ្លះ ទាំងចំណេះ និងអត្តចរិត។ ចំណុចសំខាន់បំផុតនោះ តើមេរៀនដែលគេរៀននោះ ចាប់បានឬអត់? ឧទាហរណ៍ រូបភាពមួយដែលកូនរៀនថ្ងៃហ្នឹង តើកូនស្គាល់ដែរឬទេ ជារូបភាពអ្វី? បើអត់ស្គាល់ ត្រូវធ្វើយ៉ាងណា បើស្គាល់ ធ្វើយ៉ាងណា?

២- ស្ដាប់ពាក្យពេចន៍កូននិយាយ
យើងត្រូវតាមដានកូន តើប្រើប្រាស់ភាសា និងពាក្យពេចន៍ត្រឹមត្រូវឬអត់? មិនថាភាសាខ្មែរ ភាសាអង់គ្លេស ឬភាសាចិនទេ។ តើគេនិយាយជាឃ្លាបានឬនៅ? គេស្គាល់អ្វីនៅជុំវិញខ្លួនទេ? គេនិយាយច្បាស់អត់ ថាតាមបានអត់? បើកូននិយាយមិនច្បាស់ ឬនិយាយខុស យើងជាឪពុកម្តាយត្រូវចាប់ផ្តើមកែកូនភ្លាម កុំឱ្យនិយាយទៅទាំងខុសឱ្យសោះ។

៣- មើលរបៀបនៃការសរសេរ
របៀបនៃការកាន់ខ្មៅដៃ កាន់ហ្វឺត គូល័រផាត់ពណ៌ ពិតជាសំខាន់ខ្លាំងណាស់ ការចាប់ផ្តើមដំបូងកូនកាន់បែបម៉េច គឺទៅអ៊ីចឹងរហូតហើយ ចាប់ភ្លាមដៃឆ្វេង គឺដៃឆ្វេង ពិបាកនឹងកែ យើងត្រូវធ្វើម៉េចឱ្យក្មេងចាប់កាន់របស់ទាំងនោះឱ្យបានត្រឹមត្រូវ។ ក្មេងៗចូលរៀនដំបូង មិនមានសរសេរអ្វីច្រើន ក្រៅពីឱ្យដានតាមអក្សរ (Tracing) និងផាត់ពណ៌នោះទេ ហើយពេលបង្រៀនកូន យើងត្រូវប្រាប់កូនធ្វើឱ្យបានល្អ ត្រូវផាត់ពណ៌កុំឱ្យចេញក្រៅ បើកូនធ្វើខុស ត្រូវប្រាប់កូននូវកំហុសឆ្គងទាំងនោះ។

៤- លើកទឹកចិត្តកូន
មានវិធីច្រើនយ៉ាងដើម្បីលើកទឹកចិត្តពេលបង្រៀនកូន ដូចជា ការពោលពាក្យសរសើរ ការផ្តល់រង្វាន់ ឬការសន្យានាំដើរលេងជាដើម។ ម៉ាក់ប៉ាត្រូវចាំថា ក្មេងខ្លះអត់ចូលចិត្តការសរសើររបស់ឪពុកម្តាយទេ ចង់បានរបស់លេង នាំទៅដើរលេង អ៊ីចឹងយើងមើលកូនយើង តើកូនយើងចង់បានអ្វី ត្រូវឱ្យកូនទៅតាមនោះ។
ឧទាហរណ៍ថា អក្សរមានពីរជួរ កូនសរសេរបានតែមួយជួរ រអ៊ូរទាំថា ហត់ ខ្ជិល យើងចាំបាច់ត្រូវសរសើរកូនភ្លាមថា «អូហ៍! អក្សរហ្នឹងសង្ស័យតែកូនសរសេរតែមួយភ្លែតទេ»។ ពាក្យសរសើរហ្នឹង ក្មេងចូលចិត្តណាស់ សរសរទាល់តែហើយ។ «កូនម៉ាក់/ប៉ា ពូកែជាងគេម៉េស» ពាក្យសរសើរបែបនេះ ប្រើចំពោះក្មេងខ្លះដែលចង់បានខ្លួនល្អដាច់គេ។

៥- ផ្តល់ពេលវេលាឱ្យកូន និងឥរិយាបថនៃការបង្រៀន
ម្ដាយឪពុកបើកបេះដូង យល់អំពីកូន ផ្តល់ពេលវេលាឱ្យកូនឱ្យច្រើន និងត្រូវកាត់បន្ថយការងារផ្ទះមួយចំនួន ឬការងារកន្លែងធ្វើការ ដើម្បីយកពេលវេលាមកបង្រៀនកូនឱ្យបានដិតដល់ ពិនិត្យការងារដែលគ្រូដាក់ឱ្យ តើកូនធ្វើបានរួលរាល់នៅ ត្រឹមត្រូវទេ?។ ឯឥរិយាបថនៃការបង្រៀនវិញ មិនថាម៉ាក់ ឬប៉ា នោះទេ ត្រូវតែមានភាពស្និទ្ធស្នាល ទន់ភ្លន់ជាមួយកូន ទើបកូនចូលចិត្តរៀន និងមិនធុញទ្រាន់៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង