ជប៉ុន៖ សម្រាប់ខែឧសភានេះ ប្រទេសជប៉ុនស្ថិតនៅក្រោមរលកកម្ដៅដ៏ក្តៅខ្លាំងរយៈពេលបួនថ្ងៃជាប់ៗគ្នាមកហើយ បានបំបែកកំណត់ត្រាកម្ដៅដ៏ក្តៅប្រចាំខែមិថុនាក្នុងទីក្រុងតូក្យូ ក្រោយរយៈពេលជិត១៥០ឆ្នាំមកនេះ ស្របពេលដែលអាជ្ញាធរ ព្រមានថាការផ្គត់ផ្គង់ថាមពលអគ្គិសនីអាចទទួលរងការកាត់ផ្តាច់ក្នុងកម្រិតខ្ពស់។
បើតាមការព្យាកររបស់អាជ្ញាធរឧតុនិយមបានឱ្យដឹងបន្តទៀតថា ទីក្រុងតូក្យូស្ថិតនៅចន្លោះសីតុណ្ហភាព ៣៥អង្សារសេ ក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នា ខណៈកាលពីថ្ងៃអង្គារ ទីក្រុងតូក្យូហក់ឡើងដល់កម្រិតសីតុណ្ហភាពខ្ពស់បំផុតក្នុងចន្លោះ ៣៦អង្សារសេ ជាកំណត់ត្រាអាកាសធាតុដ៏ក្តៅខ្លាំងបំផុតប្រចាំខែមិថុនា ដែលបំបែកកំណត់ត្រាចាស់ កាលពីឆ្នាំ ១៨៧៥។
តាមបណ្តាញផ្សព្វផ្សាយ Fuji បានឱ្យដឹងថា គិតត្រឹមម៉ោង ៩ព្រឹក (ម៉ោងក្នុងស្រុកជប៉ុន ឬម៉ោង ៧ព្រឹក ម៉ោងនៅកម្ពុជា) មនុស្ស ១៣នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសន្លប់ក្រោយទទួលរងរលកកម្តៅខ្លាំងក្នុងទីក្រុង។ ប្រព័ន្ធផ្សព្វផ្សាយបានបញ្ជាក់បន្ថែមថា យ៉ាងហោចណាស់ មនុស្សពីរនាក់ បានស្លាប់ដោយជំងឺដាច់សរសៃឈាមខួរក្បាល បណ្តាលមកពីឥទ្ធិពលរលកកម្តៅខ្លាំងពេក។
កាលពីថ្ងៃចន្ទ ការិយាល័យរបស់រដ្ឋភាគច្រើន រួមទាំងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ហៅកាត់ថា (METI) បានបិទភ្លើងមួយចំនួនក្នុងពេលរសៀល និងពេលល្ងាច នឹងផ្អាកការប្រើប្រាស់ជណ្តើរយន្តបណ្តោះអាសន្ន ប្រមាណជា ២៥ភាគរយ នៅក្នុងអគារការិយាល័យរបស់ខ្លួន៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters