×

លើកទី១ដែល Stephen Chow លេចមុខ​នៅទីសាធារណៈ បន្ទាប់ពី​បាត់មុខ​ជាង១ឆ្នាំក្រោយ​ដៃគូ​សម្តែង​លោក Ng Man-Tet ទទួលមរណភាព

កម្សាន្ត៖ ចាប់តាំងពីដៃគូសម្តែងលោក Ng Man-Tet ទទួលមរណភាពមក Stephen Chow បានសំងំលាក់ខ្លួនស្ងាត់វត្តមាននៅទីសាធារណៈរយៈពេលជាង ១ឆ្នាំគិតតាំងពីអំលុងខែមីនា ឆ្នាំ២០២១ មក។ បើទោះជាចូលវ័យ ៦០ឆ្នាំហើយក៏ពិតមែន ប៉ុន្តែតារាកំប្លែងជើងចាស់រូបនេះនៅតែមិនខ្វល់រឿងគូជីវិតដូចតារាឯទៀតឡើយ ផ្ទុយទៅវិញលោកបានរស់នៅក្នុងជីវិតឯករាជ និងសាមញ្ញបំផុត។

តាមការឱ្យដឹងពីតារាជាច្រើននាក់ដែលធ្លាប់ធ្វើការជាមួយតារាប្រុសរូបនេះតែងនិយាយថា Chow មិនដែលចំណាយប្រាក់ផ្តេសផ្តាសឡើយ សូម្បីតែសម្លៀកបំពាក់ក៏ស្លៀកដដែលៗ រីឯសក់ក៏មិនកាត់ និងលាបពណ៌ដែរ និងជាពិសេសតែងអង្គុយញ៉ាំអាហារតាមតូបតូចៗ រួចជិះកង់ទៅធ្វើការរៀងរាល់ថ្ងៃ។

មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែពេលត្រូវហោះហើរទៅណាម្តងៗ Chow ស្ពាយតែកាបូបតូចមួយប៉ុណ្ណោះ គ្មានជំនួយការចាំយួរឥវ៉ាន់ឆ្វេងស្តាំឡើយ។ ជាក់ស្តែង នៅពេលចូលវ័យកាន់តែច្រើន តារាកំប្លែងរូបនេះបានប្រែប្រួលទាំងស្រុង ខុសប្លែកពីពេលមុនឆ្ងាយដែលលោកចូលចិត្តលេងម៉ូតរថយន្តទំនើបៗ ថែមទាំងប្រមូលទិញរថយន្តស៊េរីចាស់ៗទៀតផង។

ប៉ុន្តែ ទីបំផុតរថយន្តស៊េរីចាស់ដែលមានតម្លៃនោះ Chow បែរជាប្រគល់ឱ្យសហការីយកទៅប្រើ រីឯលោកបែរជាប្តូរមកជិះកង់ និងរថយន្តក្រុងជំនួសទៅវិញ។ គួរបញ្ជាក់ដែរថា Stephen Chow គឺជាតារាកំប្លែងដ៏មានប្រជាប្រិយភាពម្នាក់ដែលបានធ្វើឱ្យកុមារភាពរបស់មហាជនជាច្រើនសើចសប្បាយមិនចេះរីងស្ងួត ប៉ុន្តែក្រោយពីបានចូលនិវត្តន៍ផ្អាកការសម្តែងមក លោកក៏ប្តូរទៅធ្វើជាផលិតករដើម្បីអភិវឌ្ឍន៍អ្នកជំនាន់ក្រោយវិញម្តង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង