×

ជិះកង់ ២០ នាទី ក្នុងមួយថ្ងៃ អាច​កាត់បន្ថយ​អត្រា​ប្រឈម​ជំងឺបេះដូង​ដល់ទៅ ៥០%

បច្ចុប្បន្ន គ្នាយើងមួយចំនួនធំ គឺចូលចិត្តជិះកង់ហាត់ប្រាណ ព្រោះជិះកង់ជាប្រភេទកីឡាមួយល្អខ្លាំងសម្រាប់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ ចុះមានដឹងអត់ គុណសម្បត្តិចម្បងពីការជិះកង់ជាអ្វី? គឺជួយកាត់បន្ថយហានិភ័យកើតជំងឺបេះដូងបានច្រើនណាស់។

នេះបើតាមការបញ្ជាក់ពីវេជ្ជបណ្ឌិត Amar Singal អ្នកជំនាញសរសៃឈាមបេះដូង នៃវិទ្យាស្ថានវេជ្ជសាស្ត្រ Sri Balaji Action Medical Institute ក្នុងទីក្រុង New Delh ប្រទេសឥណ្ឌា ខណៈការសិក្សាជាច្រើន សុទ្ធតែរកឃើញលទ្ធផលដូចគ្នា។

ការសិក្សាមួយធ្វើឡើងដោយសាកលវិទ្យាល័យ Purdue រដ្ឋ Indiana សហរដ្ឋអាមេរិក ក៏រកឃើញដែរថា ជិះកង់ត្រឹម ២០នាទី/មួយថ្ងៃ គឺអាចជួយសុខភាពបានច្រើន កាត់បន្ថយហានិភ័យជំងឺបេះដូង គាំងបេះដូង បានដល់ទៅ ៥០% ឯណោះ។

ការសិក្សាដូចគ្នាមួយទៀត របស់សាលាសុខភាពបេះដូង ក្នុងទីក្រុង Copenhagen ប្រទេសដាណាម៉ាក ធ្វើឡើងលើអ្នកចូលរួម ៥ ០០០នាក់ ដោយតាមដានរយៈពេល ១៤ឆ្នាំ រកឃើញថា ការជិះកង់ហាត់ប្រាណជាប្រចាំ ពិតជាមានទំនាក់ទំនងខ្លាំង អាចជួយចៀសផុតករណីស្លាប់ដោយសារជំងឺសរសៃឈាមបេះដូងប្រាកដមែន។

យោងតាម អង្គការសុខភាពពិភពលោក (WHO) ការបញ្ចេញសកម្មភាពរាងកាយមិនគ្រប់គ្រាន់ ជាកត្តាចម្បងនាំឱ្យមនុស្សជាច្រើនស្លាប់ដោយសារជំងឺបេះដូងជារៀងរាល់ឆ្នាំជុំវិញពិភពលោក។

WHO បានណែនាំឱ្យមនុស្សពេញវ័យ អាយុចាប់ពី ១៨-៦៤ ឆ្នាំ គួរបញ្ចេញសកម្មភាពរាងកាយយ៉ាងហោចណាស់ ១៥០ នាទី/សប្តាហ៍។
ការជិះកង់មិនត្រឹមតែអាចកាត់បន្ថយហានិភ័យជំងឺបេះដូងមួយមុខឡើង ក៏អាចរក្សាសម្ពាធឈាមបានល្អ ពង្រឹងមុខងារសួត កាត់បន្ថយស្ត្រេស ថែមទាំងអាចកាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែម ដែលជាបញ្ហាសុខភាពឧស្សាហ៍កើតមានបំផុតលើកពិភពលោក។ នេះបើតាមការអះអាង វេជ្ជបណ្ឌិត Amar Singal៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង