សៀមរាប៖ ថ្មភក់រាងបួនជ្រុង ទំហំ៥៣សង់ទីម៉ែត្រ គុណនឹង ៥៣សង់ទីម៉ែត្រ និងកម្រាស់ ១២សង់ទីម៉ែត្រ ដែលគេស្គាល់ជាទូទៅថាជា “ថ្មបញ្ចុះសីមា” ត្រូវបានរកឃើញទើនៅលើខ្លោងទ្វារពេលរុះរើផ្នែកខាងលើនៃរចនាសម្ពន្ធសំណង់ខ្លោងទ្វារតាកាវ ដើម្បីជួសជុល។
លោក គឹម សុធិន អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានប្រៀបធៀបជំនឿ និងទំនៀមទម្លាប់នៃការបញ្ចុះថ្មសីមា ទៅនឹងសំណង់ផ្ទះលំនៅដ្ឋានខ្មែរជាមួយនឹងការចងក្រណាត់ពណ៌ក្រហម (យ័ន្ត) នៅចំកណ្តាលមេដំបូលដែលទើបតែសាងសង់ថ្មីដើម្បីការពារផ្ទះ។ ថ្មបញ្ចុះ ដែលរកឃើញនៅពេលជួសជុល ត្រូវបានបញ្ចុះកាលដើមឡើយនៅលើកំពូលប្រាង្គកណ្តាល ប៉ុន្តែ វាបានរលុះធ្លាក់មកទើរនៅពាក់កណ្តាលនៃខ្លោងទ្វារ។
ក្រៅពីការបញ្ចុះថ្មដែលមានរន្ធច្រើននៅកំពូលប្រាសាទ គេបានឃើញថ្មបញ្ចុះស្រដៀងគ្នានៅក្នុងគ្រឹះប្រាសាទមួយចំនួននៅតំបន់អង្គរ។ ការបញ្ចុះថ្មទាំងអស់មិនថាតែនៅក្នុងគ្រឹះ និងលើកំពូលប្រាសាទ គឺនឹងធ្វើឱ្យសំណង់ដែលកំពុងសាងសង់មានភាពរឹងមាំ ព្រមទាំងនាំមកនូវសេចក្តីសុខ និងសេចក្តីចម្រើនដល់សំណង់។ ថ្មបញ្ចុះ គឺជាពាក្យដែលយើងប្រើបច្ចុប្បន្ន តែពាក្យដែលប្រើដើម្បីហៅថ្មសម្រាប់បញ្ចុះឱ្យបានត្រឹមត្រូវតាមក្បួនបុរាណ ហាក់ដូចជាមិនទាន់ប្រទះឃើញសរសេរនៅក្នុងឯកសារណាមួយនៅឡើយ។
លោក គឹម សុធិន បានមានប្រសាសន៍បន្តថា ទាក់ទងនឹងរន្ធនៅលើថ្មបញ្ចុះវិញថា រន្ធតូចៗប្រើសម្រាប់ដាក់សន្លឹកមាសស្ដើង ហើយរន្ធមួយធំនៅចំកណ្ដាលប្រើសម្រាប់ដាក់ដងបង្គោលត្រីសូល៍ ដូចឃើញមាននៅចម្លាក់ប្រាសាទបាយ័ន្តស្រាប់។ យើងពិនិត្យឃើញថា កំពូលប្រាសាទបាយ័ន្តបានបាត់ត្រឹមផ្កាឈូក និងមានសេសថ្មខ្លះៗដែលជាទម្រឬសសីមាប៉ុណ្ណោះ លោកបានកត់សម្គាល់ថា ជាការរុះរើដោយមនុស្សរករបស់មានតម្លៃ។ បច្ចុប្បន្ន ក្រុមការងារបានលើកយកថ្មបញ្ចុះទៅដាក់នៅលើកំពូលប្រាង្គកណ្តាលនៃខ្លោងទ្វារតាកាវវិញ ក្រោយពីបានពង្រឹងកន្លែងពុកផុយ និងជួសជុលកន្លែងប្រេះបែករួចរាល់។
ការរកឃើញថ្មបញ្ចុះនៅកំពូលប្រាសាទនេះ មិនមែនជាលើកដំបូងទេនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក-អង្គរ ព្រោះកាលពីពេលកន្លងមក គេធ្លាប់បានរកឃើញថ្មបញ្ចុះដែលមានទម្រង់ផ្សេងៗ ដែលវិវឌ្ឍទៅតាមសម័យកាលនៅប្រាសាទដំរីក្រាបលើភ្នំគូលែន ប្រាសាទបន្ទាយស្រី ប្រាសាទបន្ទាយក្តី និងប្រាសាទទន្លេស្ងួតជាដើម៕