អង្គការសុខភាពពិភពលោកបានប្រកាសនៅថ្ងៃពុធនេះថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីដែលមានប្រភពមកពីឥណ្ឌាត្រូវបានគេរកឃើញនៅក្នុងប្រទេសជាង៤០នៅទូទាំងពិភពលោក។
ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិមួយនេះបាននិយាយថា វ៉ារ្យ៉ង់កូវីដ១៩ថ្មីប្រភេទB1617ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាកាលពីខែតុលាឆ្នាំមុននោះឥលូវនេះត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន៤៤ហើយ។
អង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងរបាយការណ៍ប្រចាំសប្តាហ៍ស្ដីពីបច្ចុប្បន្នភាពនៃការឆ្លងរាតត្បាតរបស់វីរុសកូវីដ១៩ថា ក្រៅពីប្រទេសឥណ្ឌាគឺប្រទេសអង់គ្លេសដែលមានចំនួនអ្នកឆ្លងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីនេះច្រើនបំផុត។
កាលពីដើមសប្តាហ៍នេះ អង្គការសុខភាពពិភពលោកក៏បានចាត់ថ្នាក់វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមានប្រភពពីឥណ្ឌានេះជា «វីរុសថ្មីដែលគួរឲ្យព្រួយបារម្ភជាសកល» ផងដែរ។
វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីប្រភេទB1617នេះត្រូវបានគេមើលឃើញថាមានគ្រោះថ្នាក់ជាងវីរុសកូវីដ១៩ទម្រង់ដើមដោយសារវាអាចឆ្លងរាលដាលកាន់តែលឿន, បង្កគ្រោះថ្នាក់ដល់ជីវិតធ្ងន់ធ្ងរ និងអាចមានភាពធន់នឹងវ៉ាក់សាំងទៀតផង។
អង្គការសុខភាពពិភពលោកបាននិយាយថា ការឆ្លងរាលដាលនៃវ៉ារ្យង់B1617នេះរួមជាមួយនឹងវ៉ារ្យង់ដែលចម្លងបានលឿនផ្សេងទៀតទំនងជាកត្តាមួយដែលរួមចំណែកដល់ការកើនឡើងយ៉ាងខ្លាំងនៃករណីឆ្លងថ្មី និងការស្លាប់នៅក្នុងប្រទេសឥណ្ឌា។
សូមបញ្ជាក់ថា កាលពីថ្ងៃអង្គារ ប្រទេសឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ជាង៣២,៩០០០នាក់ និងមានអ្នកបាត់បង់ជីវិតជាង៣,៨០០នាក់ថែមទៀត៕