×

សញ្ញាសំខាន់ៗ បញ្ជាក់ថា​យើង​មាន​មេរោគ​ក្នុងក្រពះ

ចុកឆ្អល់ក្នុងពោះ តឹងណែនចុងដង្ហើម ក្រហាយ ឬក្តៅនៅចុងដង្ហើម លាមកពណ៌ខ្មៅ ឬមានឈាម ជាសញ្ញាបញ្ជាក់ថា យើងមានមេរោគនៅក្នុងក្រពះហើយ។ បើតាមការផ្សព្វផ្សាយនៅផេកហ្វេសប៊ុក មន្ទីរពេទ្យកាល់ម៉ែត មេរោគក្រពះមានឈ្មោះថា Helicobacter Pylori មេរោគនេះអាចបង្កឱ្យកើតជាជំងឺរលាកក្រពះ ដំបៅក្រពះ និងមហារីកក្រពះ។

ក្រៅពីរោគសញ្ញាទាំងប៉ុន្មានខាងលើនេះ ដើម្បីបានដឹងកាន់តែច្បាស់ថា យើងមានមេរោគក្រពះពិតមែន ឬអត់នោះ គ្រូពេទ្យអាចនឹងធ្វើរោគវិនិច្ឆ័យបន្ថែមទៀត តាមរយៈការយក កោសិកាក្រពះមកពិនិត្យ ធ្វើតេស្តផ្លូវដង្ហើម ឬធ្វើតេស្តលាមក។

ក្នុងចំណោមវិធីសាស្រ្តទាំង៣នេះ មានប្រសិទ្ធភាពខ្ពស់ដូចគ្នាក្នុងការរកមេរោគក្រពះ ប៉ុន្តែវាមានលក្ខណៈពិសេសរៀងៗខ្លួន ដូចជាការយករម្អិលក្រពះមកពិនិត្យ វិធីនេះតម្រូវឱ្យមានការសុងក្រពះ ដែលអ្នកជំងឺភាគច្រើនមានការភ័យខ្លាច ប៉ុន្តែវាក៏មានផលចំណេញជាច្រើនទៀតដែរដូចជា បន្ថែមពីលើការរកមេរោគក្រពះ គឺយើងអាចធ្វើរោគវិនិច្ឆ័យបានថា អ្នកជំងឺមានបញ្ហានៅក្នុងក្រពះផ្សេងទៀតដូចជា រលាកក្រពះ ដំបៅក្រពះ និងមហារីកក្រពះជាដើម។

ចំណែកឯការធ្វើតេស្តលាមក និងតេស្តដង្ហើម មិនតម្រូវឱ្យអ្នកជំងឺសុងក្រពះនោះទេ រីឯការធ្វើតេស្តដង្ហើម អ្នកជំងឺគ្រាន់តែធ្វើតាមការណែនាំរបស់គ្រូពេទ្យ ដោយផ្លុំខ្យល់ចូលទៅក្នុងថង់ រួចយកទៅពិនិត្យជាការស្រេច ឯលទ្ធផលទទួលបានភ្លាមៗបន្ទាប់ពីផ្លុំ។

ចំពោះផលវិបាកនៃការព្យាបាលមេរោគក្រពះមិនបានត្រឹមត្រូវ អ្នកជំងឺនឹងវិវត្តទៅជារលាកក្រពះរ៉ាំរ៉ៃ ហើយអាចក្លាយទៅជាដំបៅក្រពះ និងចុងក្រោយមហារីកក្រពះ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង