×

ខ្លាឃ្មុំមួយក្បាល ដេញទះ និង​ចាប់ហែក​បុរសពីរនាក់ ពេលកំពុង​ចាប់ត្រី

ខេត្តពោធិ៍សាត់៖ បុរសពីរនាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវសត្វខ្លាឃ្មុំមួយក្បាលទះ និងចាក់ហែកយ៉ាងឃោរឃៅ។ ហេតុការណ៍នេះកើតឡើងនៅ នៅចំណុចឆាយបីជាន់ ឧបសម្ព័ន្ធស្ទឹងតាចាន់ ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃចន្ទ ទី០៤ ខែកក្កដា ឆ្នាំ២០២២ ។

លោកវរសេនីយ៍ឯក ធាង ឡេង អធិការ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានប្រាប់ឱ្យដឹងថា តាមការរៀបរាប់របស់ជនរងគ្រោះទាំងពីរ មុនពេលកើតហេតុ ពួកគាត់បានដើរទៅដួសត្រី ដើម្បីយកមកចិញ្ចឹមជីវិត តែទើបដើរបានពាក់កណ្តាលផ្លូវ ស្រាប់តែជួបជាមួយសត្វខ្លាឃ្មុំមួយក្បាល ហើយក៏ត្រូវសត្វខ្លាឃ្មុំនោះ ដេញទះ និងចាប់ហែកសាច់ បណ្តាលរងរបួសយ៉ាងធ្ងន់ធ្ងរ។ បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ត្រូវបានបញ្ជូន ទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យឯកជន ឃុំអូរសោម។

លោកវរសេនីយ៍ឯកអធិការ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ឬនេសាទ និងលេងកម្សាន្ត នៅតំបន់នេះ ក៏ដូចជាតំបន់ផ្សេងៗទៀត ដែលឧស្សាហ៍មានសត្វព្រៃកាចសាហាវឆ្លងកាត់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងមិនគួរទៅតំបន់ទាំងនោះ ដែលនាំឱ្យងាយរងទទួលគ្រោះថ្នាក់ដោយសារសត្វព្រៃវាយប្រហារ ជាពិសេសមិនត្រូវមានការលួចបរបាញ់សត្វព្រៃទាំងនោះឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង