កម្សាន្ត៖ រយៈពេល ២៣ឆ្នាំមកហើយដែលគ្រួសាររបស់អតីតកីឡាករបាល់ទាត់ដ៏ល្បី David Beckham និងភរិយា Victoria Beckham បានរក្សាចំណងអាពាហ៍ពិពាហ៍របស់ពួកគេបានយ៉ាងល្អ និងពោរពេញដោយភាពកក់ក្តៅបំផុត។
នៅថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍រយៈពេល ២៣ឆ្នាំនេះ អ្នកទាំង២បានចំណាយពេលវេលាយ៉ាងផ្អែមល្ហែមនៅ Venice ប្រទេសអ៊ីតាលីផងដែរ។ ក្នុងឈុតសម្លៀកបំពាក់ពណ៌លឿងខ្ចី គូស្វាមីភរិយាទាំង២ បានជជែកគ្នាយ៉ាងស្និទ្ធស្នាលនៅលើទូកកម្សាន្ត ដោយរូបភាពទាំងនោះទទួលបានការចាប់អារម្មណ៍ជាខ្លាំង។
នៅថ្ងៃពិសេសនេះដែរ Victoria បានផុសរូបដោយភ្ជាប់ជាមួយពាក្យបែបនេះថា “គ្រប់គ្នាថា គាត់មិនកំប្លែងមិនអាចធ្វើឱ្យខ្ញុំរីករាយ ហើយមិនអាចរស់នៅជាមួយគ្នាបានយូរឡើយ ប៉ុន្តែថ្ងៃនេះយើងទាំង២បានប្រារព្ធគម្រប់ខួបអាពាហ៍ពិពាហ៍ ២៣ឆ្នាំជាមួយគ្នា។ David បងគឺជាអ្វីៗគ្រប់យ៉ាង អូនស្រលាញ់បងខ្លាំងណាស់”។
ជាការឆ្លើយតបទៅភរិយាវិញ David បានចែករំលែកវីដេអូក្នុងបទសម្ភាសន៍មួយ ដោយពិធីករបានសួរពីអារម្មណ៍របស់លោកនៅពេលបានជួបភរិយាដំបូង។ David បាននិយាយទាំងអៀនថា ខ្ញុំនៅតែស្រលាញ់ភរិយារបស់ខ្ញុំដូចដើមបើទោះជាពេលវេលាកន្លងទៅជាង ២០ឆ្នាំហើយក៏ដោយ។
គួរបញ្ជាក់ដែរថា David Bekham និង Victoria Beckham បានជួបគ្នាក្រោយពេលអតីតកីឡាកររូបនេះទើបឈ្នះបានពានរង្វាន់ Manchester United ដែលកាលណោះVictoria គឺជាសមាជិកក្រុម Spice Girl ដ៏មានប្រជាប្រិយភាព។ បន្ទាប់ពីទាក់ទងយល់ចិត្តគ្នារួច អ្នកទាំង២សម្រេចចិត្តរៀបការនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ១៩៩៩ រហូតមកទល់ពេលនេះដោយទទួលបានកូនប្រុសស្រី ៤នាក់ផងដែរ៕